[១៦៤] អធិប្បាយពាក្យថា ដែលជាធម៌ជាក់ច្បាស់ក្នុងខ្លួនចំពោះធម៌ដែលឃើញហើយ ត្រង់ពាក្យថា ចំពោះធម៌ដែលឃើញហើយ គឺចំពោះធម៌ដែលឃើញ ធម៌ដែលដឹង ធម៌ដែលថ្លឹង ធម៌ដែលពិចារណា ធម៌ដែលឈ្វេងយល់ ធម៌ដែលច្បាស់ហើយថា សង្ខារធម៌ទាំងពួងមិនទៀង។បេ។ ចំពោះធម៌ដែលឃើញ ធម៌ដែលថ្លឹង ធម៌ដែលពិចារណា ធម៌ដែលឈ្វេងយល់ ធម៌ដែលច្បាស់ហើយថា ធម្មជាតណាមួយ មានកិរិយាកើតឡើងជាធម្មតា ធម្មជាតទាំងអស់នោះ មានកិរិយារលត់ទៅវិញជាធម្មតា ហេតុនោះ តថាគតនឹងសំដែងធម៌ ដែលឃើញហើយ យ៉ាងនេះខ្លះ។ មួយទៀត តថាគតនឹងសំដែងទុក្ខ ចំពោះទុក្ខដែលឃើញហើយ នឹងសំដែងសមុទ័យចំពោះសមុទ័យដែលឃើញហើយ នឹងសំដែងមគ្គ ចំពោះមគ្គដែលឃើញហើយ នឹងសំដែងនិរោធចំពោះនិរោធដែលឃើញហើយ ហេតុនោះ តថាគតនឹងសំដែងចំពោះធម៌ ដែលឃើញហើយយ៉ាងនេះខ្លះ។ មួយទៀត គុណជាតដែលបុគ្គលគប្បីឃើញជាក់ច្បាស់ដោយខ្លួនឯងក្នុងបច្ចុប្បន្ន ជាគុណឲ្យផលមិនរង់ចាំកាល ជាធម៌ហាក់ដូចជានឹងហៅថា អ្នកចូរមកមើលចុះ ជាធម៌គួរបង្អោនមកទុកក្នុងខ្លួនបាន ជាធម៌ដែលអ្នកប្រាជ្ញទាំងឡាយ គប្បីដឹងជាក់ច្បាស់ចំពោះខ្លួន ហេតុនោះ តថាគតនឹងសំដែងចំពោះធម៌ ដែលឃើញហើយ យ៉ាងនេះខ្លះ ហេតុនោះ (ទ្រង់ត្រាស់ថា) ចំពោះធម៌ដែលឃើញហើយ។