សេចក្តីតានតឹងទាំងនុ៎ះ នរៈណា បានលះបង់ ផ្តាច់ផ្តិល រម្ងាប់ ឲ្យស្ងប់រម្ងាប់ ធ្វើមិនគួរឲ្យកើតឡើងបាន ដុតដោយភ្លើងគឺញាណហើយ នរៈនោះ លោកហៅថា អ្នកមិនមានសេចក្តីតានតឹង។ ពាក្យថា មិនមានសេចក្តីប៉ុនប៉ង សេចក្តីថា តណ្ហា លោកហៅថា សេចក្តីប៉ុនប៉ង បានដល់ រាគៈ រាគៈមានកំឡាំង។បេ។ អភិជ្ឈា លោភៈ អកុសលមូល។ តណ្ហាគឺសេចក្តីប៉ុនប៉ងនោះ នរៈណា បានលះបង់ ផ្តាច់ផ្តិល រម្ងាប់ ឲ្យស្ងប់ ធ្វើមិនគួរឲ្យកើតឡើងបាន ដុតដោយភ្លើងគឺញាណហើយ នរៈនោះ លោកហៅថា អ្នកមិនមានសេចក្តីប៉ុនប៉ង។ ពាក្យថា ជាតិ បានដល់ កំណើត ការកើតព្រម ការចុះកាន់គភ៌ ការផ្តួចផ្តើម ការចំរើនឡើង ការកើតប្រាកដនៃខន្ធ ការបានចំពោះនូវអាយតនៈនៃពួកសត្វនោះ ៗ ក្នុងសត្តនិកាយនោះ ៗ។ ពាក្យថា ជរា បានដល់ ការចាស់ ការគ្រាំគ្រា ការបាក់ធ្មេញ ការស្កូវសក់ ការជ្រួញជ្រីវស្បែក ការរួញថយនៃអាយុ ការចាស់ឥន្រ្ទិយនៃពួកសត្វនោះ ៗ ក្នុងសត្តនិកាយនោះ ៗ។ ពាក្យថា មរណៈ បានដល់ ការចុតិ ការឃ្លាត ការបែកធ្លាយ ការអន្តរធាន មច្ចុ មរណៈ កាលកិរិយា ការបែកធ្លាយខន្ធ ការដាក់ចោលនូវសាកសព ការដាច់សូន្យជីវិតិន្រ្ទិយនៃពួកសត្វនោះ ៗ ក្នុងសត្តនិកាយនោះ ៗ។