ពាក្យថា តថាគតពោលថា នរៈនោះ ជាអ្នកប្រាសចាកតណ្ហា មិនមានសេចក្តីតានតឹង មិនមានសេចក្តីប៉ុនប៉ង ទាំងពោលថា នរៈនោះបានឆ្លងនូវជាតិ និងជរា បានសេចក្តីថា តថាគតពោល ប្រាប់ សំដែង បញ្ញត្ត តាំងទុក បើក ចែក ធ្វើឲ្យរាក់ ប្រកាសថា នរៈណានោះ ប្រាសចាកតណ្ហាផង មិនមានសេចក្តីតានតឹងផង មិនមានសេចក្តីប៉ុនប៉ងផង នរៈនោះ បានឆ្លង ឆ្លងកាត់ ឈានកន្លង ប្រព្រឹត្តកន្លង នូវជាតិ ជរា និងមរណៈ ហេតុនោះ (ទ្រង់ត្រាស់ថា) តថាគតពោលថា នរៈនោះ ជាអ្នកប្រាសចាកតណ្ហា មិនមានសេចក្តីតានតឹង មិនមានសេចក្តីប៉ុនប៉ង ទាំងពោលថា នរៈនោះ បានឆ្លងនូវជាតិ និងជរា។ ហេតុនោះ ព្រះមានព្រះភាគត្រាស់ថា
(មេត្តគូបានប្រកាសខ្លួន) ដំណាលគ្នានឹងកាលជាទីចប់គាថា។បេ។ បពិត្រព្រះអង្គដ៏ចំរើន ព្រះមានព្រះភាគ ជាសាស្តារបស់ខ្ញុំព្រះអង្គ ខ្ញុំព្រះអង្គជាសាវ័ក។
នរៈណា ជាអ្នកចេះដឹង អ្នកដល់នូវវេទក្នុងលោកនេះ បានស្រាយនូវការជាប់ចំពាក់នេះ ក្នុងភពតូច និងភពធំ តថាគតពោលថា នរៈនោះ ជាអ្នកប្រាសចាកតណ្ហា មិនមានសេចក្តីតានតឹង មិនមានសេចក្តីប៉ុនប៉ង ទាំងពោលថា នរៈនោះ បានឆ្លងនូវជាតិ និងជរា។
(មេត្តគូបានប្រកាសខ្លួន) ដំណាលគ្នានឹងកាលជាទីចប់គាថា។បេ។ បពិត្រព្រះអង្គដ៏ចំរើន ព្រះមានព្រះភាគ ជាសាស្តារបស់ខ្ញុំព្រះអង្គ ខ្ញុំព្រះអង្គជាសាវ័ក។
ចប់ មេត្តគូមាណវកប្បញ្ហានិទ្ទេស ទី៤។