[២២៦] អធិប្បាយពាក្យថា ដែលតថាគតជាក់ច្បាស់ក្នុងខ្លួន ចំពោះធម៌ដែលឃើញហើយ ត្រង់ពាក្យថា ចំពោះធម៌ដែលឃើញហើយ គឺចំពោះធម៌ដែលឃើញ ធម៌ដែលដឹង ធម៌ដែលថ្លឹង ធម៌ដែលពិចារណា ធម៌ដែលចំរើន ធម៌ដែលកើតប្រាកដហើយថា សង្ខារទាំងពួងមិនទៀង។បេ។ ចំពោះធម៌ដែលឃើញ ធម៌ដែលដឹង ធម៌ដែលថ្លឹង ធម៌ដែលពិចារណា ធម៌ដែលចំរើន ធម៌ដែលប្រាកដហើយថា ធម្មជាតណាមួយ មានការកើតឡើងជាធម្មតា ធម្មជាតទាំងពួងនោះ មានការរលត់ទៅវិញជាធម្មតា ហេតុនោះ (ទ្រង់ត្រាស់ថា) ចំពោះធម៌ដែលឃើញហើយ ដោយប្រការដូច្នេះខ្លះ។ មួយទៀត តថាគតនឹងសំដែងនូវសេចក្តីទុក្ខ ក្នុងទុក្ខដែលឃើញហើយ សំដែងនូវសមុទ័យ ក្នុងសមុទ័យដែលឃើញហើយ សំដែងនូវមគ្គក្នុងមគ្គដែលឃើញហើយ សំដែងនិរោធ ក្នុងនិរោធដែលឃើញហើយ ហេតុនោះ (ទ្រង់ត្រាស់ថា) ចំពោះធម៌ដែលឃើញហើយ ដោយប្រការដូច្នេះខ្លះ។ មួយទៀត (តថាគនឹងសំដែងធម៌) ដែលឃើញច្បាស់ដោយខ្លួនឯង ដែលឲ្យផលមិនរង់ចាំកាល ដែលគួរនឹងហៅថា អ្នកចូរមកមើលចុះ ដែលគួរបង្អោនចូលមក ដែលពួកវិញ្ញូជនគប្បីដឹងចំពោះខ្លួន ចំពោះធម៌ដែលតថាគតឃើញហើយ ហេតុនោះ (ទ្រង់ត្រាស់ថា) ចំពោះធម៌ដែលឃើញហើយ ដោយប្រការដូច្នេះខ្លះ