[២៨៥] ពាក្យថា ពួកបុគ្គលណា ធ្វើសេនាឲ្យវិនាស ជាអ្នកមិនមានទុក្ខ មិនមានសេចក្តីប្រាថ្នា ប្រព្រឹត្តនៅ តថាគតហៅពួកបុគ្គលនោះថា មុនិ អធិប្បាយថា មារសេនា លោកហៅថា សេនា។ កាយទុច្ចរិត ជាមារសេនា វចីទុច្ចរិតជាមារសេនា មនោទុច្ចរិតជាមារសេនា រាគៈជាមារសេនា ទោសៈជាមារសេនា មោហៈជាមារសេនា កោធៈ ឧបនាហៈ មក្ខៈ បឡាសៈ ឥស្សា មច្ឆរិយៈ មាយា សាឋេយ្យៈ ថម្ភៈ សារម្ភៈ មានះ អតិមានះ មទៈ បមាទៈ កិលេសទាំងពួង ទុច្ចរិតទាំងពួង សេចក្តីក្រវល់ក្រវាយទាំងពួង សេចក្តីក្រហល់ក្រហាយទាំងពួង សេចក្តីអន្ទះអន្ទែងទាំងពួង អកុសលាភិសង្ខារទាំងពួង ជាមារសេនា។ សមដូចព្រះពុទ្ធដីកានេះ ដែលព្រះមានព្រះភាគត្រាស់ថា
កាម ជាសេនាទី ១ របស់អ្នក សេចក្តីមិនត្រេកអរ ហៅថា សេនាទី ២ សេចក្តីស្រេកឃ្លាន ជាសេនាទី ៣ របស់អ្នក តណ្ហា ហៅថាសេនាទី ៤ ថីនមិទ្ធៈ ជាសេនាទី ៥ របស់អ្នក សេចក្តីតក់ស្លុត ហៅថា សេនាទី ៦ វិចិកិច្ឆា ជាសេនាទី ៧ របស់អ្នក សេចក្តីលុបគុណ សេចក្តីរឹងត្អឹង ជាសេនាទី ៨ របស់អ្នក លាភ សេចក្តីសរសើរ សក្ការៈ យសដែលបានខុសផង បុគ្គលលើកតំកើងខ្លួនឯងផង បង្អាប់បង្អោនអ្នកដទៃផង ម្នាលមារ នុ៎ះជាសេនារបស់អ្នក ជាកិលេស បំផ្លាញនូវបុគ្គលចិត្តខ្មៅ ឯបុគ្គលអ្នកមិនក្លៀវក្លា រមែងមិនឈ្នះនូវកិលេសនោះទេ លុះតែបុគ្គលឈ្នះហើយ ទើបបានសុខ។