[១១៩] (ព្រះមានព្រះភាគត្រាស់ថា ម្នាលបុណ្ណកៈ) ពួកមនុស្សណានីមួយ គឺឥសី ក្សត្រ និងព្រាហ្មណ៍ជាច្រើននាក់ ក្នុងលោកនេះ សម្រេចយញ្ញៈដល់ទេវតាទាំងឡាយ ម្នាលបុណ្ណកៈ ពួកសត្វទាំងនោះ ប្រាថ្នាភាពនេះ អាស្រ័យជរា ទើបបានសម្រេចយញ្ញៈឡើង។
[១២០] ពាក្យថា ពួកមនុស្សណានីមួយ គឺឥសី ត្រង់ពាក្យថា ណានីមួយ គឺសព្វគ្រប់ សព្វទាំងអស់ ឥតសេសសល់ គ្មានសេសសល់ ពាក្យថា ណានីមួយ នេះជាពាក្យរួបរួម។ ពាក្យថា ឥសី គឺជនទាំងឡាយណានីមួយ ជាអាជីវក និគ្រន្ថ ជដិល តាបសបួសជាឥសី(ជនទាំងនោះ) ឈ្មោះថា ឥសី។ ពួកមនុស្ស លោកហៅថា មនុស្ស ហេតុនោះ (ទ្រង់ត្រាស់ថា) ពួកមនុស្សណានីមួយ គឺឥសី។ ពាក្យថា ម្នាលបុណ្ណកៈ គឺព្រះមានព្រះភាគ ទ្រង់ហៅព្រាហ្មណ៍នោះដោយចំឈ្មោះ។ ពាក្យថា ព្រះមានព្រះភាគនេះ ជាពាក្យហៅដោយគោរព។បេ។ ការបញ្ញត្តិថា មានព្រះភាគនេះ (កើតហើយ) ព្រោះការត្រាស់ដឹង ហេតុនោះ (មានពាក្យថា) ព្រះមានព្រះភាគត្រាស់ថា ម្នាលបុណ្ណកៈ។