ពាក្យ​ថា តថាគត​ពោល​ថា បុគ្គល​នោះ ជា​អ្នក​ស្ងប់ អ្នក​កំចាត់​បង់ អ្នក​មិន​មាន​ទុក្ខ អ្នក​មិន​មាន​សេចក្តី​ប្រាថ្នា អាច​ឆ្លង​ជាតិ និង​ជរា​បាន បាន​សេចក្តី​ថា តថាគត​ពោល ប្រាប់ សំដែង​ បញ្ញត្ត តាំង​ផ្តើម បើក ចែក​ ធ្វើឲ្យ​រាក់ ប្រកាស​ថា បុគ្គល​ណា​ជា​អ្នក​ស្ងប់​ផង អ្នក​កំចាត់​បង់​ផង អ្នក​មិន​មាន​ទុក្ខ​ផង អ្នក​មិន​មាន​សេចក្តី​ប្រាថ្នា​ផង​ បុគ្គល​នោះ​បាន​ឆ្លង ឆ្លង​ឡើង ឆ្លង​រំលង​ ផ្លោះ​កន្លង លោតរំលង នូវ​ជាតិ ជរា និង​មរណៈ​បាន​ ហេតុ​នោះ (ទ្រង់​ត្រាស់​ថា​) តថាគត​ពោល​ថា បុគ្គល​នោះ ជា​អ្នក​ស្ងប់ អ្នក​កំចាត់​បង់ អ្នក​មិន​មានទុក្ខ អ្នក​មិន​មាន​សេចក្តី​ប្រាថ្នា​ អាច​ឆ្លង​ជាតិ និង​ជរា​បាន។ ហេតុ​នោះ ព្រះមានព្រះភាគ ត្រាស់​ថា​
(ព្រះមានព្រះភាគ​ទ្រង់​ត្រាស់​ថា ម្នាល​បុណ្ណ​កៈ​) សេចក្តី​ញាប់ញ័រ​ក្នុង​ទី​នីមួយ​ក្នុង​លោក នៃ​បុគ្គល​ណា​មិន​មាន​ទេ ព្រោះ​ដឹង​នូវ​ត្រើយ​នាយ និង​ត្រើយអាយ​ក្នុង​លោក តថាគត​ពោល​ថា បុគ្គល​នោះ ជា​អ្នក​ស្ងប់ អ្នក​កំចាត់​បង់ អ្នក​មិន​មានទុក្ខ អ្នក​មិន​មាន​សេចក្តី​ប្រាថ្នា​ អាច​ឆ្លង​ជាតិ និង​ជរា​បាន។

 ក្នុង​ពេល​ដែល​ចប់​ព្រះ​គាថា។បេ។ បុណ្ណ​កៈ​មាន​អាយុ​ អង្គុយ​ប្រណម្យ​អញ្ជលី​នមស្ការ​ព្រះមានព្រះភាគ ពោល​ថា បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ព្រះមានព្រះភាគ ជា​សាស្តា​នៃ​ខ្ញុំ​ព្រះអង្គ ខ្ញុំ​ព្រះអង្គ​ជា​សាវ័ក។

ចប់ បុណ្ណ​កមាណវ​កប្ប​ញ្ហា​និទ្ទេស ទី៣។

ថយ | ទំព័រទី ១០៥ | បន្ទាប់