បុច្ឆា ៣ ដទៃទៀត​ គឺ បុច្ឆា​ធម៌​ក្នុង ១ បុច្ឆា​ធម៌​ក្រៅ ១ បុច្ឆា​ធម៌​ទាំង​ក្នុង​ទាំង​ក្រៅ ១។
 បុច្ឆា ៣ ដទៃទៀត គឺ​កុសល​បុច្ឆា ១ អកុសល​បុច្ឆា​ ១ អព្យាកត​បុច្ឆា ១។
 បុច្ឆា ៣ ដទៃទៀត គឺ ខន្ធ​បុច្ឆា ១ ធាតុ​បុច្ឆា​ ១ អាយតនៈ​បុច្ឆា ១។
 បុច្ឆា ៣ ដទៃទៀត​គឺ​ សតិ​ប្ប​ដ្ឋាន​បុច្ឆា ១ សម្ម​ប្ប​ធាន​បុច្ឆា ១ ឥទ្ធិបាទ​បុច្ឆា​ ១។
 បុច្ឆា ៣ ដទៃទៀត គឺ ឥន្រ្ទិយ​បុច្ឆា ១ ពល​បុច្ឆា ១ ពោជ្ឈង្គ​បុច្ឆា ១។
 បុច្ឆា ៣ ដទៃទៀត គឺ មគ្គ​បុច្ឆា ១ ផល​បុច្ឆា​ ១ និព្វាន​បុច្ឆា ១។
 ពាក្យ​ថា ខ្ញុំ​ព្រះអង្គ​សូម​ទូល​សួរ​ព្រះអង្គ​ គឺ​ខ្ញុំ​ព្រះអង្គ​សូម​ទូល​សួរ​ព្រះអង្គ សូម​អង្វរ​ព្រះអង្គ អារាធនា​ព្រះអង្គ ជ្រះថ្លា​ចំពោះ​ព្រះអង្គ​ សូម​ព្រះអង្គ​ត្រាស់​ប្រាប់​ដល់​ខ្ញុំ​ព្រះអង្គ ហេតុ​នោះ (លោក​ពោល​ថា​) ខ្ញុំ​ព្រះអង្គ​ទូល​សួរ​ព្រះអង្គ។ ពាក្យ​ថា​ ព្រះមានព្រះភាគ នុ៎ះ​ជា​ពាក្យ​ពោល​ដោយ​គោរព។បេ។ ការ​បញ្ញត្តិ​ថា ព្រះមានព្រះភាគ នេះ (កើត​) ព្រោះ​ការ​ត្រាស់​ដឹង។ ពាក្យ​ថា សូម​ព្រះអង្គ​ត្រាស់​ប្រាប់​សេចក្តី​នោះ​ ដល់​ខ្ញុំ​ព្រះអង្គ គឺ​សូម​ព្រះអង្គ​ពោល ប្រាប់ សំដែង បញ្ញត្ត តាំង​ទុក បើក ចែក ធ្វើឲ្យ​រាក់​ ប្រកាស​ ហេតុ​នោះ​ (លោក​ពោល​ថា​) បពិត្រ​ព្រះមានព្រះភាគ ខ្ញុំ​ព្រះអង្គ​សូម​ទូល​សួរ​ព្រះអង្គ សូម​ព្រះអង្គ​ត្រាស់​ប្រាប់​សេចក្តី​នោះ​ដល់​ខ្ញុំ​ព្រះអង្គ។
ថយ | ទំព័រទី ១០៩ | បន្ទាប់