[១៦៦] ពាក្យថា គប្បីឆ្លងវិសត្តិកាតណ្ហាក្នុងលោក បានសេចក្តីថា តណ្ហា លោកហៅថា វិសត្តិកា បានដល់រាគៈ រាគៈមានកំឡាំង។បេ។ អភិជ្ឈា លោភៈ អកុសលមូល។ សំនួរត្រង់ពាក្យថា វិសត្តិកា ដែលឈ្មោះថា វិសត្តិកា តើដោយអត្ថដូចម្តេច។ ឈ្មោះវិសត្តិកា ព្រោះជាធម្មជាតិផ្សាយទៅ។ ឈ្មោះវិសត្តិកា ព្រោះទូលាយ។ ឈ្មោះវិសត្តិកា ព្រោះលាទៅ។ ឈ្មោះវិសត្តិកា ព្រោះរួញរា។ ឈ្មោះវិសត្តិកា ព្រោះពោលខុស។ ឈ្មោះវិសត្តិកា ព្រោះមានឫសគល់ជាពិស។ ឈ្មោះវិសត្តិកា ព្រោះមានផ្លែជាពិស។ ឈ្មោះវិសត្តិកា ព្រោះមានគ្រឿងបរិភោគជាពិស។ មួយទៀត ឈ្មោះវិសត្តិកា ព្រោះតណ្ហានោះ ជាកិលេសជាតិដ៏ទូលាយ ផ្សាយទៅ ត្រដាងទៅ ក្នុងរូប សំឡេង ក្លិន រស ផ្សព្វ ត្រកូល គណៈ អាវាស លាភ យស សេចក្តីសរសើរ សុខ ចីវរ បិណ្ឌបាត សេនាសនៈ គិលានប្បច្ចយភេសជ្ជបរិក្ខារ កាមធាតុ រូបធាតុ អរូបធាតុ កាមភព រូបភព អរូបភព សញ្ញាភព អសញ្ញាភព នេវសញ្ញានាសញ្ញាភព ឯកវោការភព ចតុវោការភព បញ្ចវោការភព អតីត អនាគត បច្ចុប្បន្ន ក្នុងធម៌ទាំងឡាយ ដែលឃើញ ឮ ប៉ះពាល់ ឬគប្បីដឹង។