ពាក្យ​ថា ប្រព្រឹត្ត គឺ​ប្រព្រឹត្ត ត្រួតត្រា​មើល សម្រេច ទៅ​ រក្សា យាត្រា ឲ្យ​យាត្រា​ទៅ។ ពាក្យ​ថា សេចក្តី​ប្រកាន់ បាន​ដល់​សេចក្តី​ប្រកាន់ ២ គឺ សេចក្តី​ប្រកាន់​គឺ​តណ្ហា​ ១ សេចក្តី​ប្រកាន់​គឺ​ទិដ្ឋិ ១។បេ។ នេះ សេចក្តី​ប្រកាន់​គឺ​តណ្ហា។បេ។ នេះ សេចក្តី​ប្រកាន់​គឺ​ទិដ្ឋិ។ ភិក្ខុ​លះបង់​សេចក្តី​ប្រកាន់​គឺ​តណ្ហា រលាស់ចោល​សេចក្តី​ប្រកាន់​គឺ​ទិដ្ឋិ លះបង់ លះ​ចោល​ បន្ទោបង់ ធ្វើឲ្យ​វិនាស ធ្វើ​មិន​ឲ្យ​មាន​បែបភាព​នូវ​សេចក្តី​ប្រកាន់​ ព្រោះហេតុនោះ (ទ្រង់​ត្រាស់​ថា​) ភិក្ខុ​លះបង់​សេចក្តី​ប្រកាន់​ហើយ​ប្រព្រឹត្ត។
 [១៧៩​] អធិប្បាយ​ពាក្យ​ថា ជា​អ្នកចេះដឹង គប្បី​លះបង់​ទុក្ខ គឺជា​តិ​ ជរា សោ​កៈ និង​បរិទេវៈ ក្នុង​លោក​នេះ​បាន​ ត្រង់​ពាក្យ​ថា ជាតិ បាន​ដល់ កំណើត​ ការ​កើត​ព្រម ការ​ចុះ​កាន់​គភ៌ ការ​ផ្តួចផ្តើម​ឡើង ការ​កើតឡើង​ចំពោះ​ ការ​ប្រាកដ​ឡើង​នៃ​ខន្ធ ការបាន​ចំពោះ​អាយតនៈ​នៃ​ពួក​សត្វ​នោះ ៗ ក្នុង​សត្តនិកាយ​នោះ ៗ។ ពាក្យ​ថា​ ជរា បាន​ដល់ ការ​ចាស់ ការ​គ្រាំគ្រា ការ​រង្គោះ​ធ្មេញ ការ​ស្កូវ​សក់ ការ​ជ្រួញជ្រីវ​ស្បែក​ ការ​រួញ​ថយ​នៃ​អាយុ ការ​ចាស់ទុំ​នៃ​ឥន្ទ្រិយ របស់​ពួក​សត្វ​នោះ​ៗ ក្នុង​សត្ត​និ​កាយ​នោះ​ៗ។
ថយ | ទំព័រទី ១៥៣ | បន្ទាប់