ខ្ញុំ​ព្រះអង្គ​ត្រេកអរ​ចំពោះ​ព្រះ​វាចា​នុ៎ះ​របស់​ព្រះមហេសី​ បពិត្រ​ព្រះ​គោតម ព្រះ​និពា្វន ជា​គុណជាត​មិន​មាន​ឧបធិ ព្រះអង្គ​សំដែង​ហើយដោយ​ប្រពៃ ព្រះមានព្រះភាគ​ លះ​ទុក្ខ​បាន​ដោយពិត ព្រោះ​ធម៌​នុ៎ះ ព្រះអង្គ​ជ្រាប​ច្បាស់​ហើយ។
[១៨៥​] បពិត្រ​ព្រះ​មុនិ ព្រះអង្គ​ទូន្មាន​ពួក​ជន​ណា​ដោយ​ត្រឹមត្រូវ​ ​ពួក​ជន​ទាំងនោះ ក៏​លះ​ទុក្ខ​បាន​ដោយពិត ព្រោះហេតុនោះ ខ្ញុំ​ព្រះអង្គ​ចូល​មក​នមស្ការ​ចំពោះ​ព្រះអង្គ​ ជា​ព្រះពុទ្ធ​នាគ សូម​ព្រះមានព្រះភាគ​ទូន្មាន​ខ្ញុំ​ព្រះអង្គ​ដោយ​ត្រឹមត្រូវ​ចុះ។

 [១៨៦​] ពាក្យ​ថា ពួក​ជន​ទាំងនោះ​របស់​បទ​ថា ពួក​ជន​ទាំងនោះ ក៏​លះ​ទុក្ខ​បាន​ដោយពិត​ បាន​ដល់​ពួក​ក្សត្រិយ៍ ព្រាហ្មណ៍ វេស្សៈ សុទ្ទៈ គ្រហស្ថ​ បព្វជិត ទេវតា និង​មនុស្ស ក៏​លះបង់ (ទុក្ខ​បាន​)។ ពាក្យ​ថា ទុក្ខ គឺ​គប្បី​លះបង់ បន្ទោបង់ ធ្វើឲ្យ​វិនាស ធ្វើ​មិន​ឲ្យ​មាន​បែបភាព​នូវ​ជាតិទុក្ខ​ ជរាទុក្ខ ព្យាធិទុក្ខ មរណទុក្ខ សោក​បរិទេវ​ទុក្ខ​ទោ​មន​ស្សុ​បាយាស​ទុក្ខ ហេតុ​នោះ (លោក​ពោល​ថា​) ពួក​ជន​ទាំងនោះ​ក៏​លះ​ទុក្ខ​បាន​ដោយពិត។
ថយ | ទំព័រទី ១៥៨ | បន្ទាប់