ព្រះនាម​ថា ព្រះមានព្រះភាគ ព្រោះ​ព្រះមានបុណ្យ​ ទ្រង់​មាន​ភាគ​នៃ​វិមោក្ខ ៨ អភិ​ភាយ​តនៈ ៨ និង​អនុ​បុព្វ​វិហារ​សមាបត្តិ ៩។ ព្រះនាម​ថា​ ព្រះមានព្រះភាគ ព្រោះ​ព្រះមានបុណ្យ ទ្រង់​មាន​ភាគ​នៃ​សញ្ញា​ភាវនា ១០ កសិណ​សមាបត្តិ ១០​ អា​នា​បាន​ស្ស​តិ​សមាធិ និង​អសុភ​សមាបត្តិ។ ព្រះនាម​ថា មាន​ព្រះ​ភាគ ព្រោះ​ព្រះមានបុណ្យ ទ្រង់​មាន​ភាគ​នៃ​សតិ​ប្ប​ដ្ឋាន​ ៤ សម្ម​ប្ប​ធាន ៤ ឥទ្ធិបាទ ៤ ឥន្ទ្រិយ ៥ ពលៈ ៥ ពោជ្ឈង្គ ៧ និង​មគ្គ​ប្រកបដោយ​អង្គ ៨ ដ៏​ប្រសើរ។ ព្រះនាម​ថា ព្រះមានព្រះភាគ ព្រោះ​ព្រះមានបុណ្យ ទ្រង់​មាន​ភាគ​នៃ​តថាគត​ពលៈ ១០ វេ​សា​រជ្ជៈ​ ៤ បដិសម្ភិទា ៤ អភិញ្ញា ៦ និង​ពុទ្ធធម៌ ៦។ ពាក្យ​ថា ព្រះមានព្រះភាគ​នេះ មិនមែន​ព្រះមាតា​ថ្វាយ​ មិនមែន​ព្រះបិតា​ថ្វាយ មិនមែន​បងប្អូន​ប្រុស​ថ្វាយ មិនមែន​បងប្អូន​ស្រី​ថ្វាយ មិនមែន​មិត្ត​ និង​អាមាត្យ​ថ្វាយ មិនមែន​ញាតិសាលោហិត​ថ្វាយ​ មិនមែន​សមណៈ និង​ព្រាហ្មណ៍​ថ្វាយ មិនមែន​ទេវតា​ទាំងឡាយ​ថ្វាយ​ទេ ពាក្យ​ថា ព្រះមានព្រះភាគ​នុ៎ះ កើត​ក្នុង​ទីបំផុត​វិមោក្ខ របស់​ព្រះពុទ្ធ​ទាំងឡាយ ទ្រង់​មាន​ភាគ។ បញ្ញា​ត្តិ​ថា ព្រះមានព្រះភាគ​នេះ​ (កើត​ហើយ​) ដោយ​កិរិយា​ធ្វើឲ្យ​ជាក់ច្បាស់ ព្រមទាំង​ការបាន​ចំពោះ​នូវ​សព្វញ្ញុ​តញាណ​ ទៀប​គល់​ពោធិព្រឹក្ស ហេតុ​នោះ ទើប​មាន​ពាក្យ​ថា ព្រះមានព្រះភាគ​ត្រាស់​ថា ម្នាល​អជិ​តៈ។
ថយ | ទំព័រទី ១៦ | បន្ទាប់