ព្រះនាម​ថា នាគ ព្រោះ​ទ្រង់​មិន​លុះ តើ​ដូចម្តេច។ ព្រះមានព្រះភាគ​មិន​លុះ​ឆន្ទាគតិ មិន​លុះ​ទោសាគតិ មិន​លុះ​មោហាគតិ មិន​លុះ​ភយាគតិ មិន​លុះដោយ​អំណាច​រាគៈ​ មិន​លុះដោយ​អំណាច​ទោសៈ មិន​លុះដោយ​អំណាច​មោហៈ មិន​លុះដោយ​អំណាច​ទិដ្ឋិ មិន​លុះដោយ​អំណាច​មានះ​ មិន​លុះដោយ​អំណាច​ឧទ្ធច្ចៈ មិន​លុះដោយ​អំណាច​វិចិកិច្ឆា មិន​លុះដោយ​អំណាច​អនុស័យ គឺ​ព្រះអង្គ​មិនទៅ​ មិន​ឃ្លាត មិន​រសាត់ មិន​ដោយតាម​ធម៌​ជា​ពួក​ទាំងឡាយ ព្រះនាម​ថា នាគ ព្រោះ​ព្រះមានព្រះភាគ​ មិន​លុះ យ៉ាងនេះ​ឯង។
 ព្រះនាម​ថា នាគ ព្រោះ​ព្រះមានព្រះភាគ មិន​មក​ តើ​ដូចម្តេច។ កិលេស​ទាំងឡាយ​ណា ដែល​ព្រះអង្គ​លះ​ហើយ ដោយ​សោតាបត្តិ​មគ្គ ព្រះអង្គ​មិន​មក​ មិន​បែរមក មិន​ត្រឡប់​មកកាន់​កិលេស​ទាំងនោះ​វិញ កិលេស​ទាំងឡាយ​ណា ដែល​ព្រះអង្គ​លះ​ហើយ​ ដោយ​សកទាគាមិមគ្គ អនាគាមិមគ្គ ព្រះអង្គ​មិន​មក មិន​បែរមក មិន​ត្រឡប់​មក កាន់​កិលេស​ទាំងនោះ​វិញ​ កិលេស​ទាំងឡាយ​ណា ដែល​ព្រះអង្គ​លះ​ហើយ ដោយ​អរហត្តមគ្គ ព្រះអង្គ​មិន​មក មិន​បែរមក មិន​ត្រឡប់​មកកាន់​កិលេស​ទាំងនោះ​វិញ​ទេ​
ថយ | ទំព័រទី ១៦១ | បន្ទាប់