[១៩៧​] ពាក្យ​ថា បាន​ស្រាយ​នូវ​ការ​ជាប់​ចំពាក់​នេះ​ ក្នុង​ភព​តូច និង​ភព​ធំ ត្រង់​ពាក្យ​ថា ក្នុង​ភព​តូច និង​ភព​ធំ គឺ​ក្នុង​កម្ម​ភព បុ​នព្ភព ឈ្មោះថា​ភព​តូច​ និង​ភព​ធំ កាមភព ឈ្មោះ​ថា កម្ម​ភព កាមភព ឈ្មោះថា​បុ​នព្ភព រូបភព​ ឈ្មោះថា​កម្ម​ភព រូបភព ឈ្មោះថា​បុ​នព្ភព អរូបភព ឈ្មោះថា​កម្ម​ភព អរូបភព​ឈ្មោះថា​បុ​នព្ភព​ គឺ​ក្នុង​ការ​កើត​រឿយ ៗ ក្នុង​ការ​ទៅ​រឿយ ៗ ក្នុង​ការ​ចូល​ទៅ​រឿយ ៗ ក្នុង​បដិសន្ធិ​រឿយ ៗ ក្នុង​ការ​កើត​អត្តភាព​រឿយ ៗ។ ពាក្យ​ថា ការ​ជាប់​ចំពាក់ បាន​ដល់ ការ​ជាប់​ចំពាក់ ៧ គឺ​ការ​ជាប់​ចំពាក់​គឺ​រាគៈ​ ការ​ជាប់​ចំពាក់​គឺ​ទោសៈ ការ​ជាប់​ចំពាក់​គឺ​មោហៈ ការ​ជាប់​ចំពាក់​គឺ​មានះ​ ការ​ជាប់​ចំពាក់​គឺ​ទិដ្ឋិ ការ​ជាប់​ចំពាក់​គឺ​កិលេស ការ​ជាប់​ចំពាក់​គឺ​ទុច្ចរិត។ ពាក្យ​ថា​ ស្រាយ គឺ​រលាស់ចោល ឬដោះ​នូវ​ការ​ជាប់​ចំពាក់​ទាំងឡាយ។ មួយទៀត បុគ្គល​ដោះ ឬស្រាយ​នូវ​ការ​ជាប់​ចំពាក់​ គឺ​ចំណង​ដែល​ចង ចង​ទួទៅ ថ្ពក់ ទាក់ ចំពាក់ ពួក​ជន​រុះរើ ធ្វើឲ្យ​ខ្ទេចខ្ទី នូវ​យាន​ក្តី​ វក្តី រថ​ក្តី រទេះ​ក្តី រថ​ទ្រង់គ្រឿង​ក្តី យ៉ាងណាមិញ បុគ្គល​រលាស់ចោល ឬលះ​ចេញ នូវ​ការ​ជាប់​ចំពាក់​ទាំងនោះ ក៏​យ៉ាងនោះ​ដែរ មួយវិញទៀត បុគ្គល​ដោះចេញ​ ឬស្រាយ​នូវ​ការ​ជាប់​ចំពាក់ គឺ​ចំណង​ដែល​ចង ចង​ទួទៅ ថ្ពក់ ទាក់​ ចំពាក់ ហេតុ​នោះ (ទ្រង់​ត្រាស់​ថា​) បាន​ស្រាយ​នូវ​ការ​ជាប់​ចំពាក់​នេះ​ក្នុង​ភព​តូច និង​ភព​ធំ។
ថយ | ទំព័រទី ១៧១ | បន្ទាប់