ព្រះមានព្រះភាគ ទ្រង់​ត្រាស់​ថា ម្នាល​សភិយៈ​ ព្រះមានព្រះភាគ បន្សាត់​បង់​នូវ​បាប​ទាំងពួង ទ្រង់​មិន​មានមន្ទិល មាន​ព្រះ​ទ័យ​តំ​កល់​ដោយ​ប្រពៃ មាន​ព្រះទ័យ​នឹងនួន ព្រះមានព្រះភាគ​នោះ ព្រះអង្គ​បរិបូណ៌​ដោយ​គុណ​គ្រប់យ៉ាង​ កន្លង​បង់​នូវ​សំសារ មិន​អាស្រ័យ (តណ្ហា និង​ទិដ្ឋិ​) ទ្រង់​មិន​ញាប់ញ័រ (ដោយ​លោកធម៌​) ទើប​លោក​ហៅថា ព្រាហ្មណ៍។

 ពាក្យ​ថា កំពុង​ប្រព្រឹត្ត គឺ​កំពុង​ត្រាច់​ទៅ​ ត្រាច់​ទៅ​ផ្សេង​ៗ ទៅ​ប្រព្រឹត្ត ទៅ រក្សា យាត្រា យាត្រា​ទៅ ហេតុ​នោះ (លោក​ពោល​ថា​) ព្រះអង្គ​មិន​មាន​កង្វល់ ជា​ព្រាហ្មណ៍​កំពុង​ប្រព្រឹត្ត។
 [២១២​] ពាក្យ​ថា បពិត្រ​ព្រះអង្គ​ជាស​មន្ត​ចក្ខុ ខ្ញុំ​ព្រះអង្គ​សូម​នមស្ការ​ព្រះអង្គ​ ត្រង់​ពាក្យ​ថា ព្រះអង្គ គឺ​លោក​ហៅ​ព្រះមានព្រះភាគ។ ពាក្យ​ថា សូម​នមស្ការ​ គឺ​សូម​នមស្ការ​ដោយ​កាយ​ក្តី សូម​នមស្ការ​ដោយ​វាចារ​ក្តី សូម​នមស្ការ​ដោយចិត្ត​ក្តី សូម​នមស្ការ​ដោយ​សេចក្តី​ប្រតិបត្តិ​ដែល​មានប្រយោជន៍​ជា​លំ​ដាប់​ៗ ក្តី សូម​នមស្ការ ធ្វើសក្ការៈ ធ្វើ​គោរព រាប់អាន បូជា ដោយ​ធម្មា​នុ​ធម្ម​ប្ប​ដិ​បតិ្តក្តី។ ពាក្យ​ថា សម​ន្ត​ចក្ខុ សេចក្តី​ថា សព្វញ្ញុតញ្ញាណ លោក​ហៅថា​ សម​ន្ត​ចក្ខុ។ ព្រះមានព្រះភាគ ដល់ ដល់​ព្រម មកដល់ មកដល់​ព្រម ចូល​ទៅ​ជិត ចូល​ទៅ​ជិត​ព្រម​ ប្រកប​ហើយដោយ​សព្វញ្ញុតញ្ញាណ​នោះ។
ថយ | ទំព័រទី ១៨៤ | បន្ទាប់