សេចក្តី​ងឿងឆ្ងល់​ក្នុង​ទុក្ខ។បេ។ ភាព​នៃ​ចិត្ត​ញាប់ញ័រ ការ​រសេមរសាម​នៃ​ចិត្ត។ បុគ្គល​វៀរ​ វៀរ​ស្រឡះ លះបង់ ចេញផុត លះលែង រួច​ស្រឡះ ប្រាស​ចេញ​ចាក​សេចក្តី​សង្ស័យ ជា​អ្នកមាន​ចិត្ត​មិន​សល់វ៉ល់​ បុគ្គល​វៀរចាក​កថា​ទាំងឡាយ ដោយ​ប្រការ​ដូច្នេះ ក៏បាន។ មួយទៀត បុគ្គល​វៀរ​ វៀរ​ស្រឡះ លះបង់ ចេញផុត លះលែង រួច​ស្រឡះ​ ប្រាស​ចេញ​ចាក​តិរច្ឆានកថា​ ៣២ ជា​បុគ្គល​មានចិត្ត​មិន​សល់វ៉ល់ បុគ្គល​វៀរចាក​កថា​ទាំងឡាយ​ ដោយ​ប្រការ​ដូច្នេះ ក៏បាន ហេតុ​ដូច្នោះ (ទ្រង់​ត្រាស់​ថា​) អ្នក​ចូរ​លះបង់​កាម​ទាំងឡាយ ហើយ​វៀរចាក​កថា​ទាំងឡាយ​ចេញ។
 [២៤៧​] អធិប្បាយ​ពាក្យ​ថា សំឡឹង​នូវ​ការ​អស់​តណ្ហា​ទាំងយប់​ទាំង​ថ្ងៃ​ ត្រង់​ពាក្យ​ថា តណ្ហា គឺ​រូប​តណ្ហា សទ្ទ​តណ្ហា គន្ធ​តណ្ហា រស​តណ្ហា ផោដ្ឋព្វ​តណ្ហា ធម្ម​តណ្ហា។ ពាក្យ​ថា យប់ គឺ​រាត្រី ពាក្យ​ថា ថ្ងៃ គឺ វេលា​ដែល​មាន​ពន្លឺ​ព្រះអាទិត្យ​ប្រាកដ។ អ្នក​ចូរ​មើល មើល​ចំពោះ ចូរ​ឃើញ ចូរ​រមិលមើល ចូរ​សំឡឹង​មើល ចូរ​ពិចារណា​ នូវ​ការ​អស់​តណ្ហា ការ​អស់​រាគៈ ការ​អស់​ទោសៈ ការ​អស់​មោហៈ ការ​អស់​គតិ នូវ​ការ​អស់​ឧប​បត្តិ​ ការ​អស់​បដិសន្ធិ ការ​អស់​ភព ការ​អស់​សង្សារ ការ​អស់​វដ្តៈ ទាំងយប់​ទាំង​ថ្ងៃ ហេតុ​នោះ (ទ្រង់​ត្រាស់​ថា​) សំឡឹង​នូវ​ការ​អស់​តណ្ហា​ទាំងយប់​ទាំង​ថ្ងៃ។ ហេតុ​នោះ ព្រះមានព្រះភាគ​ត្រាស់​ថា​
ថយ | ទំព័រទី ២១៣ | បន្ទាប់