នន្ទមាណវកប្បញ្ហានិទ្ទេស ទី៧
[២៧៧] (នន្ទៈមានអាយុ ទួលសួរដូច្នេះថា) ជនទាំងឡាយ តែងពោលថា ពួកមុនិ រមែងមានក្នុងលោក ដំណើរនោះ តើយ៉ាងណា ជនទាំងឡាយ តែងហៅបុគ្គលដែលប្រកបដោយញាណ ថាជាមុនិឬ ឬក៏ហៅបុគ្គលដែលប្រកបដោយការចិញ្ចឹមជីវិត (ថាជាមុនិ)។
[២៧៨] ពាក្យថា ពួកមុនិរមែងមានក្នុងលោក ត្រង់ពាក្យថា រមែងមាន គឺរមែងមាន មានព្រម កើតមាន។ ពាក្យថា ក្នុងលោក គឺក្នុងអបាយលោក។បេ។ ក្នុងអាយតនលោក។ ពាក្យថា ពួកមុនិ គឺពួកអាជីវក និគ្រន្ថ ជដិល តាបស មានឈ្មោះថា មុនិ ហេតុនោះ (លោកសួរថា) ពួកមុនិ រមែងមានក្នុងលោក។ ពាក្យថា ដូច្នេះ របស់បទថា នន្ទៈមានអាយុទូលសួរដូច្នេះ គឺជាតំណបទ។ ពាក្យថា មានអាយុ គឺពាក្យជាទីស្រឡាញ់។ ពាក្យថា នន្ទៈ ជាឈ្មោះ។បេ។ ជាពាក្យសម្រាប់ហៅព្រាហ្មណ៍នោះ ហេតុនោះ (មានពាក្យថា) នន្ទៈមានអាយុ ទូលសួរដូច្នេះ។
[២៧៩] ពាក្យថា ជនទាំងឡាយតែងពោល ដំណើរនោះតើយ៉ាងណា ត្រង់ពាក្យថា ជនទាំងឡាយ បានដល់ក្សត្រ ព្រាហ្មណ៍ វេស្សៈ សូទ្រៈ