ពាក្យ​ថា មិន​ឃ្លៀងឃ្លាត គឺ​ទៀងទាត់ ឋិតថេរ ខ្ជាប់ខ្ជួន មិន​ប្រែប្រួល​ជា​ធម្មតា ហេតុ​នោះ​ (ទ្រង់​ត្រាស់​ថា​) និព្វាន​បទ ជា​ធម្មជាត​មិន​ឃ្លៀងឃ្លាត។ ហេតុ​នោះ​ ព្រះមានព្រះភាគ​ត្រាស់​ថា​
ម្នាល​ហេម​កៈ និព្វាន​បទ ជា​ធម្មជាត​មិន​ឃ្លៀងឃ្លាត​ ជា​គ្រឿង​បន្ទោបង់​ឆន្ទ​រាគ​ក្នុង​អារម្មណ៍ មាន​សភាព​គួរ​ស្រឡាញ់ ដែល​ឃើញ ឮ ប៉ះពាល់ (ឬដឹង​ច្បាស់​) ក្នុង​លោក​នេះ។
[៣៣៧​] ជន​ទាំងឡាយ​ណា ដឹង​និព្វាន​នុ៎ះ ជា​អ្នកមាន​សតិ​ មានធម៌​ឃើញ​ហើយ រលត់កិលេស​ហើយ ជន​ទាំងនោះ ជា​អ្នក​ស្ងប់​រម្ងាប់​សព្វកាល ឈ្មោះថា​ឆ្លង​នូវ​វិស​ត្តិកា​តណ្ហា​ក្នុង​លោក​បាន។

 [៣៣៨​] អធិប្បាយ​ពាក្យ​ថា ជន​ទាំងឡាយ​ណា ដឹង​និព្វាន​នុ៎ះ​ ជា​អ្នកមាន​សតិ ត្រង់​ពាក្យ​ថា និព្វាន​នុ៎ះ គឺ​អមត​និព្វាន បានខាង​ការ​រម្ងាប់​សង្ខារ​ទាំងពួង​ ការ​រលាស់ចោល​ឧបធិ​ទាំងពួង ការ​អស់​តណ្ហា ការប្រាសចាក​តម្រេក ការ​រំលត់ទុក្ខ​ និព្វាន។ ពាក្យ​ថា ដឹង គឺ​ដឹង យល់ ថ្លឹង ត្រិះរិះ ធ្វើឲ្យ​ជាក់ច្បាស់ ធ្វើឲ្យ​ប្រាកដ​ គឺ​ដឹង យល់ ថ្លឹង ត្រិះរិះ ធ្វើឲ្យ​ជាក់ច្បាស់ ធ្វើឲ្យ​ប្រាកដ​ថា សង្ខារ​ទាំងពួង​មិន​ទៀង​ ដឹង យល់ ថ្លឹង ត្រិះរិះ ធ្វើឲ្យ​ច្បាស់ ធ្វើឲ្យ​ប្រាកដ​ថា សង្ខារ​ទាំងពួង​ជា​ទុក្ខ ថា​ធម៌​ទាំងពួង​ជា​អនត្តា។បេ។
ថយ | ទំព័រទី ២៧២ | បន្ទាប់