[៣៥៤​] ពាក្យ​ថា បុគ្គល​នោះ​មាន​បញ្ញា ឬមានការ​កំណត់​ដឹង​ដោយ​បញ្ញា​ ត្រង់​ពាក្យ​ថា បុគ្គល​នោះ មាន​បញ្ញា គឺ​បុគ្គល​នោះ ជា​បណ្ឌិត​មាន​ប្រាជ្ញា​ មាន​ប្រាជ្ញា​ជា​គ្រឿង​ត្រាស់​ដឹង មាន​ញាណ មាន​ប្រាជ្ញា​ភ្លឺច្បាស់​ មាន​ប្រាជ្ញា​ជា​គ្រឿង​ទំ​លាយ​កិលេស។ ពាក្យ​ថា ឬមានការ​កំណត់​ដោយ​បញ្ញា គឺ​កំណត់ បង្កើត​ បង្កើត​ព្រម បង្កើត បង្កើត​ចំពោះ នូវ​តណ្ហា​កប្បៈ ឬទិដ្ឋិ​កប្បៈ ដោយ​ញាណ​ដែល​ប្រកបដោយ​សមាបត្តិ​ ៨ ក្តី ដោយ​ញាណ​ដែល​ប្រកបដោយ​អភិញ្ញា ៥ ក្តី ដោយ​មិច្ឆា​ញាណ​ក្តី ហេតុ​នោះ (លោក​សួរ​ថា​) បុគ្គល​នោះ មាន​បញ្ញា ឬមានការ​កំណត់​ដោយ​បញ្ញា។
 [៣៥៥​] ពាក្យ​ថា បពិត្រ​ព្រះ​សក្កៈ ខ្ញុំ​ព្រះអង្គ​គប្បី​ស្គាល់​នូវ​មុនិ​ណា​ ត្រង់​ពាក្យ​ថា ព្រះ​សក្កៈ បាន​ដល់​ព្រះមានព្រះភាគ​ជា​សក្កៈ។ ម្យ៉ាងទៀត​ ព្រះនាម​ថា សក្កៈ ព្រោះ​ហេតុ​ទ្រង់​ចេញ​ចាក​សក្យត្រកូល មក​បួស​ក៏បាន។ ឬថា ព្រះនាម​ថា​សក្កៈ ព្រោះ​ទ្រង់​ស្តុកស្តម្ភ មានទ្រព្យ​ច្រើន មានទ្រព្យ​ក៏បាន។ ទ្រព្យ​ទាំងនេះ​ របស់​ព្រះមានព្រះភាគ​នោះ​គឺ ទ្រព្យ​គឺ​សទ្ធា ទ្រព្យ​គឺ​សីល ទ្រព្យ​គឺ​ហិរិ ទ្រព្យ​គឺ​ឱត្តប្បៈ​ ទ្រព្យ​គឺ​សុតៈ ទ្រព្យ​គឺ​ចាគៈ ទ្រព្យ​គឺ​បញ្ញា ទ្រព្យ​គឺ​សតិ​ប្ប​ដ្ឋាន ទ្រព្យ​គឺ​សម្ម​ប្ប​ធាន​ ទ្រព្យ​គឺ​ឥទ្ធិបាទ ទ្រព្យ​គឺ​ឥន្ទ្រិយ ទ្រព្យ​គឺ​ពលៈ ទ្រព្យ​គឺ​ពោជ្ឈង្គ ទ្រព្យ​គឺ​មគ្គ​ ទ្រព្យ​គឺ​ផល ទ្រព្យ​គឺ​និព្វាន។
ថយ | ទំព័រទី ២៨១ | បន្ទាប់