កប្ប​មាណវ​កប្ប​ញ្ហា​និទ្ទេស ទី១០​


[៣៦២​] (កប្ប​មាណព​មាន​អាយុ ទូល​សួរ​ដូច្នេះ​ថា​) បពិត្រ​ព្រះអង្គ​និរទុក្ខ សូម​ព្រះអង្គ​ត្រាស់​ប្រាប់​នូវ​ទីពឹង​របស់​ពួក​សត្វ​អ្នក​ឋិតនៅ​ក្នុង​កណ្តាល​នៃ​ស្រះ ដែល​ត្រូវ​ជរា​ និង​មច្ចុ​គ្រប​សង្កត់ ព្រោះ​ឱឃៈ​ជា​ភ័យ​ធំ​កើតឡើង​ហើយ ចុះ​សេចក្តី​ទុក្ខ (ក្នុង​ស្រះ​) នេះ មិន​គប្បី​មានត​ទៅទៀត ដោយ​ប្រការ​ណា សូម​ព្រះអង្គ​ប្រាប់​នូវ​ទីពឹង​ដល់​ខ្ញុំ​ព្រះអង្គ​ ដោយ​ប្រការ​នោះ។

 [៣៦៣​] ពាក្យ​ថា អ្នក​ឋិតនៅ​ក្នុង​កណ្តាល​នៃ​ស្រះ អធិប្បាយ​ថា​ សង្សារ លោក​ហៅថា ស្រះ បាន​ដល់​ដំណើរ​មក ដំណើរ​ទៅ ដំណើរ​ទៅ និង​មក កាលៈ គតិ​ ភព​តូច​ធំ ការ​ចុតិ​ផង ការ​ចាប់កំណើត​ផង ការ​កើត​ផង ការ​បែកធ្លាយ​ផង ជាតិ​ផង ជរា​ផង មរណៈ​ផង។ ទីបំផុត​ខាងដើម​នៃ​សង្សារ​មិន​ប្រាកដ ទាំង​ទីបំផុត​ខាងចុង​ ក៏​មិន​ប្រាកដ។ ពួក​សត្វ​ដែល​ឋិតនៅ តាំងនៅ ជាប់ស្អិត នៅ​កុះករ ជ្រុលជ្រប់ ចុះ​ស៊ប់​ក្នុង​សង្សារ​ តែ​ត្រង់​កណ្តាល។ ទីបំផុត​ខាងដើម​នៃ​សង្សារ​ មិន​ប្រាកដ តើ​ដូចម្តេច។ វដ្តៈ​វិល​ទៅ​ហើយ អស់​ជាតិ​ទាំងឡាយ​ប៉ុណ្ណេះ នឹង​មិន​វិល​ហួស​អំពី​នោះ​ ការ​ដឹង​យ៉ាងនេះ មិន​មាន​ទេ ទីបំផុត​ខាងដើម​នៃ​សង្សារ មិន​ប្រាកដ យ៉ាងនេះ​ខ្លះ។ វដ្តៈ​វិល​ទៅ​ហើយ អស់​រយ​នៃជា​តិ​ប៉ុណ្ណេះ នឹង​មិន​វិល​ហួស​អំពី​នោះ ការ​ដឹង​យ៉ាងនេះ មិន​មាន​ទេ​ ទីបំផុត​ខាងដើម​នៃ​សង្សារ មិន​ប្រាកដ យ៉ាងនេះ​ខ្លះ។
ថយ | ទំព័រទី ២៨៧ | បន្ទាប់