សញ្ញា​ភព​ក្តី អសញ្ញា​ភព​ក្តី នេវ​សញ្ញា​នា​សញ្ញា​ភព​ក្តី ឯក​វោការ​ភព​ក្តី ចតុ​វោការ​ភព​ក្តី បញ្ចវោការ​ភព​ក្តី​ គតិ​ទៀត​ក្តី ឧប​បត្តិ​ទៀត​ក្តី បដិសន្ធិ​ទៀត​ក្តី​ ភព​ក្តី សង្សារ​ក្តី វដ្តៈ​ក្តី គឺថា សេចក្តី​ទុក្ខ​នេះ គប្បី​រលត់​ រម្ងាប់ ដល់​នូវ​ការ​វិនាស ស្ងប់​រម្ងាប់​ក្នុង​ស្រះ​នេះឯង ដោយ​ប្រការ​ណា​ ហេតុ​នោះ (លោក​សួរ​ថា​) ចុះ​សេចក្តី​ទុក្ខ​ (ក្នុង​ស្រះ​) នេះ មិន​គប្បី​មានត​ទៅទៀត ដោយ​ប្រការ​ណា។ ហេតុ​នោះ ព្រាហ្មណ៍​នោះ​ពោល​ថា​
(កប្ប​មាណព​មាន​អាយុ ទូល​សួរ​ដូច្នេះ​ថា​) បពិត្រ​ព្រះអង្គ​និរទុក្ខ សូម​ព្រះអង្គ​ត្រាស់​ប្រាប់​នូវ​ទីពឹង​របស់​ពួក​សត្វ​អ្នក​ឋិតនៅ​ក្នុង​កណ្តាល​នៃ​ស្រះ ដែល​ត្រូវ​ជរា និង​មច្ចុ​គ្រប​សង្កត់ ព្រោះ​ឱឃៈ​ជា​ភ័យ​ធំ​កើតឡើង​ហើយ ចុះ​សេចក្តី​ទុក្ខ​ (ក្នុង​ស្រះ​) នេះ មិន​គប្បី​មានត​ទៅទៀត​ ដោយ​ប្រការ​ណា សូម​ព្រះអង្គ​ត្រាស់​ប្រាប់​នូវ​ទីពឹង​ដល់​ខ្ញុំ​ព្រះអង្គ​ដោយ​ប្រការ​នោះ។
[៣៦៩​] (ព្រះមានព្រះភាគ ទ្រង់​ត្រាស់​ថា ម្នាល​កប្បៈ​) តថាគត​នឹង​ប្រាប់​អ្នក​នូវ​ទីពឹង​របស់​ពួក​សត្វ​អ្នក​ឋិតនៅ​ក្នុង​កណ្តាល​នៃ​ស្រះ ដែល​ត្រូវ​ជរា និង​មច្ចុ​គ្រប​សង្កត់ ព្រោះ​ឱឃៈ​ជា​ភ័យ​ធំ​កើតឡើង​ហើយ។
ថយ | ទំព័រទី ២៩៥ | បន្ទាប់