[១០៥​] អធិប្បាយ​ពាក្យ​ថា ប្រាសចាក​តណ្ហា មានស្មារតី​សព្វកាល​ ត្រង់​ពាក្យ​ថា តណ្ហា បាន​ដល់​រូប​តណ្ហា សទ្ទ​តណ្ហា គន្ធ​តណ្ហា រស​តណ្ហា ផោដ្ឋព្វ​តណ្ហា ធម្ម​តណ្ហា។ តណ្ហា​នេះ បុគ្គល​ណា​បាន​លះបង់ ផ្តាច់​បង់ រម្ងាប់ រម្ងាប់​ចំពោះ ធ្វើ​មិន​គួរឲ្យ​កើតឡើង​បាន​ ដុត​ដោយ​ភ្លើង​គឺ​ញាណ​ហើយ បុគ្គល​នោះ​លោក​ហៅថា អ្នក​ប្រាសចាក​តណ្ហា អ្នក​លះបង់​តណ្ហា​ មាន​តណ្ហា​ខ្ជាក់​ចោល មាន​តណ្ហា​លែង​ហើយ អ្នក​លះ​តណ្ហា អ្នក​រលាស់ចោល​តណ្ហា​ អ្នក​ប្រាស​ចាក​រាគៈ អ្នក​លះ​រាគៈ អ្នក​ខ្ជាក់​រាគៈ អ្នក​លែង​រាគៈ​ អ្នក​លះបង់​រាគៈ អ្នក​រលាស់ចោល​រាគៈ មិន​មាន​សេចក្តី​ស្រេកឃ្លាន មានទុក្ខ​រលត់​ហើយ មាន​សេចក្តី​ត្រជាក់​កើត​ហើយ​ អ្នក​សោយ​សុខ មានខ្លួន​ដ៏​ប្រសើរ។ ពាក្យ​ថា សព្វកាល គឺ​ក្នុង​កាល​ទាំងពួង​ ក្នុង​កាល​ទាំងអស់ អស់​កាល​ទាំងស្រុង អស់​កាល​ជានិច្ច អស់​កាល​ដ៏​ទៀង​រឿយ​ ៗ ប្រព្រឹត្តទៅ​ព្រម ច្រឡូកច្រឡំ មិន​ឃ្លាត គ្មាន​ចន្លោះ ប្រកបដោយ​សេចក្តី​ព្រមព្រៀង​ ពាល់ត្រូវ កាលមុន​នៃ​ភត្ត កាល​ជា​ខាងក្រោយ​នៃ​ភត្ត យាម​ខាងដើម យាម​កណ្តាល យាម​ខាងក្រោយ​ រនោច ខ្នើត​ រដូវភ្លៀង រដូវរងា រដូវ​ក្តៅ ខន្ធ​អស់​ទៅ​ ក្នុង​ខាងដើម ខន្ធ​អស់​ទៅ ក្នុង​កណ្តាល ខន្ធ​អស់​ទៅ​ ក្នុង​ខាងក្រោយ។
ថយ | ទំព័រទី ៥៥ | បន្ទាប់