ម្នាល​សារីបុត្ត តថាគត ហៅថា​មហាបុរស ព្រោះ​បុគ្គល​នោះ មានចិត្ត​រួច​ស្រឡះ​ហើយ មិន​ហៅថា​ មហាបុរស ព្រោះ​បុគ្គល​នោះ​ មានចិត្ត​គ្រាន់តែ​ជឿ​ទេ ម្នាល​សារីបុត្ត​ បុគ្គល​មានចិត្ត​រួច​ស្រឡះ​ហើយ ដោយ​ប្រការ​ដូចម្តេច ម្នាល​សារីបុត្ត ភិក្ខុ​ក្នុង​សាសនា​នេះ​ ពិចារណា​ឃើញ​រឿយ ៗ នូវ​កាយ​ក្នុង​កាយ​ជា​ខាងក្នុង ជា​អ្នកមាន​ព្យាយាម​ដុត​កំ​ដៅ​កិលេស ដឹង​ច្បាស់​ មានស្មារតី បន្ទោបង់​អភិជ្ឈា និង​ទោមនស្ស​ក្នុង​លោក ភិក្ខុ​នោះ កាល​ពិចារណា​ឃើញ​រឿយ ៗ នូវ​កាយ​ក្នុង​កាយ​ ចិត្ត​ក៏​ប្រាសចាក​តម្រេក រួច​ស្រឡះ​ចាក​អាសវៈ​ទាំងឡាយ ព្រោះ​មិន​ប្រកាន់​មាំ ជា​អ្នក​ពិចារណា​ឃើញ​រឿយ ៗ (នូវ​វេទនា​) ក្នុង​វេទនា​ទាំងឡាយ ពិចារណា​ឃើញ​រឿយ​ ៗ (នូវ​ចិត្ត​) ក្នុងចិត្ត ពិចារណា​ឃើញ​រឿយ​ ៗ នូវ​ធម៌​ក្នុង​ធម៌​ទាំងឡាយ ជា​អ្នកមាន​ព្យាយាម​ ដុត​កំ​ដៅ​កិលេស ដឹង​ច្បាស់ មានស្មារតី បន្ទោបង់​អភិជ្ឈា និង​ទោមនស្ស​ក្នុង​លោក ភិក្ខុ​នោះ​ កាល​ពិចារណា​ឃើញ​រឿយ ៗ នូវ​ធម៌​ក្នុង​ធម៌​ទាំងឡាយ ចិត្ត​ក៏​ប្រាសចាក​តម្រេក​ រួច​ស្រឡះ​ចាក​អាសវៈ​ទាំងឡាយ​ ព្រោះ​មិន​ប្រកាន់​មាំ ម្នាល​សារីបុត្ត​ ភិក្ខុ​មានចិត្ត​រួច​ស្រឡះ​ហើយ យ៉ាងនេះ​ឯង ម្នាល​សារីបុត្ត តថាគត​ហៅថា មហាបុរស​ ព្រោះ​ភិក្ខុ​នោះ មានចិត្ត​ផុត​ស្រឡះ​ហើយ មិន​ហៅថា មហាបុរស ព្រោះ​ភិក្ខុ​នោះ​មានចិត្ត​គ្រាន់តែ​ជឿ​ទេ​ ហេតុ​នោះ​ (ទ្រង់​ត្រាស់​ថា​) តថាគត​ហៅ​បុគ្គល​នោះ​ថាម​ហា​បុរស។
ថយ | ទំព័រទី ៦១ | បន្ទាប់