បុណ្ណ​កមាណវ​កប្ប​ញ្ហា​និទ្ទេស ទី៣​


[១១២​] (បុណ្ណ​កៈ​មាន​អាយុ ក្រាបទូល​សួរ​ថា​) យើងខ្ញុំ​មក​ដោយ​ត្រូវការ​សួរ​ប្រស្នា ចំពោះ​ព្រះអង្គ ជា​បុគ្គល​មិន​មានការ​ញាប់ញ័រ ទ្រង់​ឃើញ​នូវ​មូល ចុះ​ពួក​មនុស្ស គឺ​ឥសី ក្សត្រ និង​ព្រាហ្មណ៍​ច្រើន​នាក់​ ក្នុង​លោក​នេះ អាស្រ័យ​អ្វី ទើបបាន​សម្រេច​យញ្ញៈ ដល់​ទេវតា​ទាំង​ឡាយ បពិត្រ​ព្រះមានព្រះភាគ ខ្ញុំ​ព្រះអង្គ​ទូល​សួរ​ព្រះអង្គ​ សូម​ព្រះអង្គ ប្រាប់​សេចក្តី​នោះ ដល់​ខ្ញុំ​ព្រះអង្គ។

 [១១៣​] ពាក្យ​ថា ជា​បុគ្គល​មិន​មានការ​ញាប់ញ័រ ទ្រង់​ឃើញ​នូវ​មូល​ អធិប្បាយ​ថា តណ្ហា លោក​ហៅថា​ ការ​ញាប់ញ័រ បាន​ដល់​សេចក្តី​ត្រេកអរ សេចក្តី​ត្រេកអរ​ខ្លាំង។បេ។ អភិជ្ឈា លោភៈ​ អកុសលមូល។ ការ​ញាប់ញ័រ គឺ​តណ្ហា​នោះ ព្រះពុទ្ធ​មាន​ព្រះ​ភាគ លះបង់​ហើយ មាន​ឫស​ផ្តាច់ផ្តិល​ហើយ​ ធើ្វ​មិន​ឲ្យ​មាន​ទី​កើត ដូចជា​ទី​កើត​នៃ​ដើមត្នោត ធើ្វ​ឲ្យ​ដល់​នូវ​ការ​មិន​មាន​បែបភាព មិន​ឲ្យ​មានការ​កើតឡើង​តទៅ​ជា​ធម្មតា​ ហេតុ​នោះ ព្រះពុទ្ធ ឈ្មោះថា មិន​មាន​ការ​ញាប់ញ័រ។ ព្រះពុទ្ធ​ឈ្មោះថា មិន​ញាប់ញ័រ​ ព្រោះ​ព្រះអង្គ​លះ​នូវ​ការ​ញាប់ញ័រ។
ថយ | ទំព័រទី ៦៤ | បន្ទាប់