កាល​បុគ្គល​ធ្វើ​ទុក​ក្នុងចិត្ត​នូវ​រូប​ដោយ​ត្រូវ​ទំនង ថា​ជា​ទុក្ខ បា​មុ​ជ្ជៈ​រមែង​កើត កាល​បុគ្គល​ធ្វើ​ទុក​ក្នុងចិត្ត​នូវ​រូប​ដោយ​ត្រូវ​ទំនង​ ថា​ជា​អនត្តា បា​មុ​ជ្ជៈ​រមែង​កើត។បេ។ កាល​បុគ្គល ធ្វើ​ទុក​ក្នុងចិត្ត​នូវ​វេទនា សញ្ញា​ សង្ខារ វិញ្ញាណ ចក្ខុ។បេ។ នូវ​ជរា មរណៈ ដោយ​ត្រូវ​ទំនង​ថា​ជា​របស់​មិន​ទៀង បា​មុ​ជ្ជៈ​រមែង​កើត​ កាល​បុគ្គល​ធ្វើ​ទុក​ក្នុងចិត្ត​នូវ​ជរា មរណៈ​ ដោយ​ត្រូវ​ទំនង ថា​ជា​ទុក្ខ បា​មុ​ជ្ជៈ​រមែង​កើត។បេ។ កាល​បុគ្គល​ធ្វើ​ទុក​ក្នុងចិត្ត​នូវ​ជរា​ មរណៈ ដោយ​ត្រូវ​ទំនង ថា​ជា​អនត្តា បា​មុ​ជ្ជៈ​រមែង​កើត កាល​បុគ្គល​មានចិត្ត​រីករាយ​ហើយ​ បីតិ​រមែង​កើត កាល​បុគ្គល​មានចិត្ត​ប្រកបដោយ​បីតិ កាយ​រមែង​ស្ងប់ បុគ្គល​មាន​កាយ​ស្ងប់​ រមែង​ទទួល​នូវ​សេចក្ដីសុខ កាល​បុគ្គល​មាន​សេចក្ដី​សុខ​ ចិត្ត​រមែង​តំ​កល់​មាំ បុគ្គល​មាន​ចិ​ត្ត​តំ​កល់​មាំ រមែង​ដឹង​ច្បាស់​តាមពិត​ថា នេះ​ជាហេតុ​នាំឲ្យកើត​ទុក្ខ រមែង​ដឹង​ច្បាស់​តាមពិត​ថា នេះ​ជាទី​រំលត់ទុក្ខ​ រមែង​ដឹង​ច្បាស់​តាមពិត​ថា នេះ​បដិបទា ជា​ដំណើរ​ទៅកាន់​ទី​រំលត់ទុក្ខ នេះ​ធម៌ ៩ ដែល​មានការ​ធ្វើ​ទុក​ក្នុងចិត្ត​ដោយ​ត្រូវ​ទំនង ជា​មូល។
 [១៨៤​] សេច​ក្ដី​ផ្សេង​ៗ មាន ៩ គឺ សេច​ក្ដី​ផ្សេង​ៗ គឺ​ផស្សៈ កើតឡើង ព្រោះ​អាស្រ័យ​សេច​ក្ដី​ផ្សេង​ៗ គឺ​ធាតុ សេច​ក្ដី​ផ្សេង​ៗ គឺ​វេទនា កើតឡើង ព្រោះ​អាស្រ័យ​សេច​ក្ដី​ផ្សេង​ៗ គឺ​ផស្សៈ
ថយ | ទំព័រទី ១៩៨ | បន្ទាប់