[២៣៦​] ពាក្យ​ថា ផូរផង់ សេចក្ដី​ថា កាមច្ឆន្ទៈ ឈ្មោះថា​មិន​ផូរផង់ នេក្ខម្មៈ​ ឈ្មោះថា​ផូរផង់ ព្យាបាទៈ ឈ្មោះថា​មិន​ផូរផង់​ ថីនមិទ្ធៈ ឈ្មោះថា​មិន​ផូរផង់ អាលោក​សញ្ញា ឈ្មោះថា​ផូរផង់ ឧទ្ធច្ចៈ ឈ្មោះថា​មិន​ផូរផង់​ អវិ​ក្ខេ​បៈ ឈ្មោះថា​ផូរផង់ វិចិកិច្ឆា ឈ្មោះថា​មិន​ផូរផង់ ធម្ម​វវត្ថា​នៈ ឈ្មោះថា​ផូរផង់​ អវិជ្ជា ឈ្មោះថា​មិន​ផូរផង់ ញាណ ឈ្មោះថា​ផូរផង់ អរ​តិ ឈ្មោះថា​មិន​ផូរផង់ បា​មុ​ជ្ជៈ​ ឈ្មោះថា​ផូរផង់ នី​វរ​ណៈ ឈ្មោះថា​មិន​ផូរផង់​ បឋមជ្ឈាន ឈ្មោះថា​ផូរផង់។បេ។ កិលេស​ទាំងពួង ឈ្មោះថា​មិន​ផូរផង់ អរហត្តមគ្គ ឈ្មោះថា​ផូរផង់ ឈ្មោះថា​ញាណ ដោយ​អត្ថ​ថា​ដឹង​នូវ​ធម៌​នោះ​ ឈ្មោះថា​បញ្ញា ដោយ​អត្ថ​ថា​ដឹង​ច្បាស់​នូវ​ធម៌​នោះ ហេតុ​នោះ លោក​ពោល​ថា បញ្ញា​ក្នុង​ការ​រំលត់ភ្លើង​ដ៏​ក្រាស់​ មាន​ភាព​ផ្សេង​ៗ និង​មាន​ភាព​តែមួយ ឈ្មោះ​ថា​សល្លេ​ខដ្ឋ​ញ្ញាណ។
 [២៣៧​] បញ្ញា​ក្នុង​ការ​ផ្គង របស់​បុគ្គល​មានចិត្ត​មិន​រួញរា និង​បុគ្គល​មានខ្លួន​បញ្ជូន​ទៅ​ហើយ ឈ្មោះថា វីរិយារម្ភ​ញ្ញាណ តើ​ដូចម្ដេច។ បញ្ញា​ក្នុង​ការ​ផ្គង របស់​បុគ្គល​មានចិត្ត​មិន​រួញរា​ និង​បុគ្គល​មានខ្លួន​បញ្ជូន​ទៅ​ហើយ ដើម្បី​មិន​ឲ្យ​កើត​នូវ​អកុសលធម៌​ដ៏​លាមក ដែល​មិន​ទាន់​កើត ឈ្មោះថា​វីរិយារម្ភ​ញ្ញាណ បញ្ញា​ក្នុង​ការ​ផ្គង​ របស់​បុគ្គល​មានចិត្ត​មិន​រួញរា និង​បុគ្គល​មានខ្លួន​បញ្ជូន​ទៅ​ហើយ​ ដើម្បី​លះបង់​នូវ​អកុសលធម៌​ដ៏​លាមក ដែល​កើតឡើង​ហើយ​ ឈ្មោះថា​ វីរិយារម្ភ​ញ្ញាណ
ថយ | ទំព័រទី ២៣៦ | បន្ទាប់