ឆ្លាស ប្រតិពល ឲ្យពួកភិក្ខុអ្នកនៅក្នុងអាវាសផងគ្នាដឹងថា សូមលោកដ៏មានអាយុទាំងឡាយដែលនៅក្នុងអាវាសស្តាប់ខ្ញុំ បើកម្មមានកាលគួរដល់លោកដ៏មានអាយុទាំងឡាយណាហើយ យើងត្រូវធ្វើឧបោសថ ត្រូវសំដែងបាតិមោក្ខ ត្រូវបវារណា ក្នុងកាឡបក្ខ គឺក្នុងរនោច ដែលមកដល់ឥឡូវនេះឯង។ ម្នាលភិក្ខុទាំងឡាយ បើពួកភិក្ខុជាអ្នកធ្វើសេចក្តីប្រកួតប្រកាន់ ធ្វើសេចក្តីឈ្លោះប្រកែក ធ្វើសេចក្តីទាស់ទែង ធ្វើតិរច្ឆានកថា ធ្វើអធិករណ៍ក្នុងសង្ឃទាំងនោះ និយាយយ៉ាងនេះនឹងអាវាសិកភិក្ខុទាំងនោះថា នែអាវុសោ ខ្ញុំសូមអង្វរ ចូរលោកទាំងឡាយបវារណាចំពោះយើងក្នុងកាលឥឡូវនេះចុះ។ ត្រូវអាវាសិកភិក្ខុនិយាយនឹងភិក្ខុទាំងនោះយ៉ាងនេះថា នែអាវុសោ លោកទាំងឡាយមិនមែនជាធំក្នុងការបវារណារបស់យើងទេ យើងមិនទាន់បវារណានៅឡើយ។ ម្នាលភិក្ខុទាំងឡាយ បើពួកភិក្ខុជាអ្នកធ្វើសេចក្តីប្រកួតប្រកាន់ ធ្វើសេចក្តីឈ្លោះប្រកែក ធ្វើសេចក្តីទាស់ទែង ធ្វើតិរច្ឆានកថា ធ្វើអធិករណ៍ក្នុងសង្ឃទាំងនោះនៅទាល់តែអស់កាឡបក្ខនោះ ត្រូវអាវាសិកភិក្ខុដែលឆ្លាស ប្រតិពល ឲ្យពួកអាវាសិកភិក្ខុផងគ្នាដឹងដោយពាក្យដូច្នេះថា សូមលោកដ៏មានអាយុទាំងឡាយដែលនៅក្នុងអាវាសស្តាប់ខ្ញុំ បើកម្មមានកាលគួរដល់លោកដ៏មានអាយុទាំងឡាយហើយ យើងទាំងឡាយត្រូវធ្វើឧបោសថ ត្រូវសំដែងបាតិមោក្ខ ត្រូវបវារណា ក្នុងជុណ្ហបក្ខ ដែលមក