ទៅដល់ហើយ ក៏ថ្វាយបង្គំព្រះមហាកច្ចានៈដ៏មានអាយុ រួចក៏អង្គុយនៅក្នុងទីដ៏សមគួរ។ លុះព្រះសោណៈដ៏មានអាយុ អង្គុយនៅក្នុងទៅដ៏សមគួរហើយ បាននិយាយពាក្យនេះនឹងព្រះមហាកច្ចានៈដ៏មានអាយុថា បពិត្រលោកដ៏ចំរើន កាលខ្ញុំករុណានៅក្នុងទីស្ងាត់ លាក់ខ្លួន ពួនសម្ងំក្នុងទីនេះ ក៏កើតការត្រិះរិះក្នុងចិត្តយ៉ាងនេះថា អាត្មាអញគ្រាន់តែបានឮថា ព្រះមានព្រះភាគនោះ បែបយ៉ាងនេះៗ តែអាត្មាអញ មិនដែលឃើញព្រះមានព្រះភាគ ក្នុងទីចំពោះមុខបានម្តងសោះ បើឧបជ្ឈាយ៍អនុញ្ញាត ឲ្យអាត្មាអញទៅ គួរតែអាត្មាអញទៅ ឲ្យបានឃើញព្រះមានព្រះភាគ ជាអរហន្តសម្មាសម្ពុទ្ធនោះ បពិត្រលោកដ៏ចំរើន បើឧបជ្ឈាយ៍អនុញ្ញាតឲ្យខ្ញុំករុណាទៅ ខ្ញុំករុណាគួរនឹងទៅ ឲ្យបានឃើញព្រះមានព្រះភាគ ជាអរហន្តសម្មាសម្ពុទ្ធនោះ។ ព្រះមហាកច្ចានៈក៏និយាយតបវិញថា នែសោណៈ ប្រពៃពេកណាស់ហើយ នែសោណៈ លោកចូរទៅគាល់ព្រះមានព្រះភាគ ជាព្រះអរហន្តសម្មាសម្ពុទ្ធនោះចុះ នែសោណៈ លោកមុខជានឹងបានឃើញព្រះមានព្រះភាគនោះ ជាទីនាំឲ្យកើតសេចក្តីជ្រះថ្លា គួរឲ្យជ្រះថ្លា មានឥន្ទ្រិយរម្ងាប់ហើយ មានព្រះទ័យរម្ងាប់ហើយ បានដល់នូវបញ្ញាសម្រាប់ទូន្មាន និងសមាធិសម្រាប់រម្ងាប់ដ៏ឧត្តម បានទូន្មានព្រះអង្គហើយ បានរក្សាព្រះអង្គហើយ បានឈ្នះឥន្ទ្រិយហើយ បានប្រាសចាកកិលេសហើយ នែសោណៈ បើ