ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតទឹកផ្កាឈើគ្រប់យ៉ាង លើកលែងតែទឹកផ្កាស្រគំ។ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតទឹកអំពៅ។ លុះកន្លងរាត្រីនោះទៅ កេណិយជដិល ឲ្យគេតាក់តែងខាទនីយភោជនីយាហារដ៏ថ្លៃថ្លា ក្នុងអាស្រមខ្លួន ហើយឲ្យក្រាបបង្គំទូលភត្តកាល ដល់ព្រះមានព្រះភាគថា បពិត្រព្រះគោតមដ៏ចំរើន កាលនេះជាកាលគួរ ភត្តសម្រេចហើយ។ វេលានោះ ក្នុងបុព្វណ្ហសម័យ ព្រះដ៏មានព្រះភាគ ទ្រង់ស្បង់ ហើយប្រដាប់ដោយបាត្រ និងចីវរ យាងចូលទៅកាន់អាស្រមរបស់កេណិយជដិល លុះយាងចូលទៅហើយ ទ្រង់គង់លើអាសនៈ ដែលគេក្រាលថ្វាយ ជាមួយនឹងភិក្ខុសង្ឃ។ លំដាប់នោះឯង កេណិយជដិល បានអង្គាសភិក្ខុសង្ឃ មានព្រះពុទ្ធជាប្រធាន ឲ្យឆ្អែតស្កប់ស្កល់ ដោយខាទនីយភោជនីយាហារដ៏ថ្លៃថ្លា ដោយដៃខ្លួនឯង កាលដឹងថាព្រះដ៏មានព្រះភាគ ទ្រង់សោយស្រេច លែងលូកព្រះហស្ថទៅក្នុងបាត្រហើយ ក៏អង្គុយក្នុងទីសមគួរ។ លុះកេណិយជដិលអង្គុយក្នុងទីសមគួរហើយ ព្រះដ៏មានព្រះភាគ ទ្រង់អនុមោទនា ដោយគាថាទាំងឡាយនេះថា។