បិណ្ឌបាតក្នុងស្រុកមុនគេ ភិក្ខុនោះ ក៏ក្រាលអាសនៈ ដំកល់ទុកនូវទឹកលាងជើង តាំងរងជើង និងទ្រនាប់សម្រាប់ជូតជើង លាងភាជន៍សម្រាប់ផ្ទេរភត្ត ហើយដំកល់ទុក រួចដំកល់ទឹកផឹក ទឹកប្រើប្រាស់ ភិក្ខុណាត្រឡប់មកអំពីបិណ្ឌបាតក្នុងស្រុកក្រោយគេ បើមានអាហារសេសសល់អំពីភិក្ខុឆាន់ បើភិក្ខុនោះចង់ឆាន់ ក៏ឆាន់ទៅ បើមិនចង់ឆាន់ទេ ភិក្ខុនោះក៏ចាក់ចោលលើទីដែលគ្មានស្មៅស្រស់ក៏បាន បាចចោលក្នុងទឹកដែលគ្មានសត្វក៏បាន ភិក្ខុនោះសាអាសនៈចេញ ហើយទុកដាក់ទឹកលាងជើង តាំងរងជើង និងទ្រនាប់សម្រាប់ជូតជើង លាងភាជន៍សម្រាប់ផ្ទេរភត្ត ហើយយកទៅទុក រួចដាក់ទឹកផឹក ទឹកប្រើប្រាស់ បោសរោងភត្ត ភិក្ខុណាឃើញក្អមដាក់ទឹកផឹកក្តី ក្អមដាក់ទឹកប្រើប្រាស់ក្តី ក្អមទឹកសម្រាប់លាងវច្ចៈក្តី ដែលរលីងទទេ ភិក្ខុនោះក៏ដងយកមកដំកល់ទុក បើភិក្ខុនោះមិនអាច (នឹងធ្វើការនោះបាន) ព្រោះវិការនៃដៃ (ឈឺដៃជាដើម) ភិក្ខុនោះបក់ដៃហៅភិក្ខុទីពីរ ឲ្យដងយកមកដំកល់ទុក មិនបាច់បញ្ចេញវាចាព្រោះហេតុនោះឡើយ។ បពិត្រព្រះអង្គដ៏ចំរើន កាលបើធ្វើយ៉ាងនេះហើយ យើងខ្ញុំក៏ព្រមព្រៀងគ្នា ស្រុសស្រួលគ្នា មិនទាស់ទែងគ្នា នៅចាំវស្សាជាសប្បាយ មួយវិញទៀត យើងខ្ញុំមិនលំបាក ដោយបិណ្ឌបាតឡើយ។