ទ្រង់​ត្រាស់​ហៅ​ភិក្ខុ​ទាំងឡាយ​មក​អនុញ្ញាត​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​នូវ​ស្បែកជើង៤ជាន់ឡើង​ទៅ​ ​ដែលគេ​ពាក់​ហើយ​ដោះ​មក​ប្រគេន​ ​(​គឺជា​ស្បែកជើង​ចាស់​)​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​មិន​ត្រូវ​ពាក់​ស្បែកជើង៤ជាន់ឡើង​ទៅ​ ​ដែល​ជា​ស្បែកជើង​ថ្មី​ទេ​ ​ភិក្ខុ​ណា​ពាក់​ ​ត្រូវអាបត្តិ​ទុក្កដ​។​
 [​៥៦​]​ ​សម័យ​នោះ​ឯង​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​មិនបាន​ទ្រង់​ឆ្លងព្រះបាទ​ ​(​ហើយ​)​ ​ទ្រង់​ចង្ក្រម​នៅក្នុង​ទីវាល​។​ ​ឯ​ពួក​ភិក្ខុ​ចាស់​ក៏​មិន​ហ៊ាន​ពាក់​ស្បែកជើង​ដើរ​ចង្ក្រម​ ​ដោយ​គិតឃើញ​ថា​ ​ព្រះ​ជា​គ្រូ​មិន​ទ្រង់​ឆ្លងព្រះបាទ​ ​ហើយ​ទ្រង់​ចង្ក្រម​។​ ​កាលបើ​ព្រះ​បរម​សាស្តា​មិន​ទ្រង់​ឆ្លងព្រះបាទ​ ​ហើយ​ទ្រង់​ចង្ក្រម​ ​ពួក​ភិក្ខុ​ចាស់​ ​ក៏​មិន​ពាក់​ស្បែកជើង​ ​ហើយ​ចង្ក្រម​ ​(​គឺ​ដើរតាម​ធម្មតា​)​ ​ឯ​ពួក​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​ ​ក៏​ពាក់​ស្បែកជើង​ ​ហើយ​ចង្ក្រម​។​ ​ភិក្ខុ​ទាំងឡាយ​ណា​មាន​សេចក្តី​ប្រាថ្នា​តិច​។​បេ​។​ ​ភិក្ខុ​ទាំងនោះ​ក៏​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ថា​ ​កាលបើ​ព្រះ​បរម​សាស្តា​ ​មិនបាន​ទ្រង់​ឆ្លងព្រះបាទ​ ​កំពុង​ចង្ក្រម​ក្តី​ ​ពួក​ភិក្ខុ​ចាស់​ ​មិនបាន​ពាក់​ស្បែកជើង​ ​កំពុង​ចង្ក្រម​ក្តី​ ​ពួក​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​ ​មិនសមបើ​ ​នឹង​ហ៊ាន​ពាក់​ស្បែកជើង​ដើរ​ចង្ក្រម​សោះ​។​ ​វេលា​នោះ​ឯង​ ​ភិក្ខុ​ទាំងនោះ​ក្រាបទូល​សេចក្តី​នុ៎ះ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​
ថយ | ទំព័រទី ១៨០ | បន្ទាប់