មិន​គួរ​ទេ​ ​ព្រោះ​យាន​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​ហាមឃាត់​រួច​ទៅ​ហើយ​។​ ​ភិក្ខុ​នោះ​រង្កៀស​ខ្លាចក្រែង​ ​ក៏​មិន​ឡើងជិះ​យាន​ឡើយ​។​ ​វេលា​នោះ​ឯង​ ​ភិក្ខុ​នោះ​ក៏​ដើរទៅ​ដល់​ក្រុង​សាវត្ថី​ ​បាន​ដំណាលរឿង​នុ៎ះ​ដល់​ភិក្ខុ​ទាំងឡាយ​។​ ​ភិក្ខុ​ទាំងឡាយ​ក្រាបទូល​សេចក្តី​នុ៎ះ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​ព្រោះ​និទាន​នេះ​ ​ដំណើរ​នេះ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ធ្វើ​ធម្មី​កថា​ក្នុង​វេលា​នោះ​ ​រួច​ទ្រង់​ត្រាស់​ហៅ​ភិក្ខុ​ទាំងឡាយ​មក​ ​ទ្រង់​អនុញ្ញាត​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​យាន​ដល់​ភិក្ខុ​ដែល​មាន​ជម្ងឺ​។​ ​វេលា​នោះ​ ​ភិក្ខុ​ទាំងឡាយ​មាន​សេចក្តី​ត្រិះរិះ​យ៉ាងនេះ​ថា​ ​(​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​អនុញ្ញាត​)​ ​យាន​ដែល​ទឹម​ដោយ​សត្វ​ញី​ ​ឬ​ទឹម​ដោយ​សត្វ​ឈ្មោល​ហ្ន៎​។​ ​ភិក្ខុ​ទាំងឡាយ​ ​ក្រាបទូល​សេចក្តី​នុ៎ះ​ ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​ព្រះអង្គ​ទ្រង់​អនុញ្ញាត​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​យាន​ដែលគេ​ទឹម​ដោយ​សត្វ​ឈ្មោល​ ​និង​យាន​ដែល​សម្រាប់​អូស​ ​ឬ​រុញ​ដោយដៃ​(​១​)​។​ ​សម័យ​នោះ​ឯង​ ​មាន​ភិក្ខុ១រូប​ ​កើត​សេចក្តី​មិន​សប្បាយ​ខ្លាំង​ ​ព្រោះ​ទង្គិច​ ​ទង្គុក​ដោយ​យាន​(​យាន​រលាក់​)​។​ ​ភិក្ខុ​ទាំងឡាយ​ក្រាបទូល​សេចក្តី​នុ៎ះ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​ព្រះអង្គ​ទ្រង់​អនុញ្ញាត​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​នូវ​គ្រែស្នែង​ ​និង​អង្រឹងស្នែង​។​
​(​១​)​ ​អដ្ឋកថា​ ​ថា​ ​យាន​ដែល​សម្រាប់​អូស​ ​ឬ​រុញ​ដោយដៃ​ ​ទុកជា​ប្រុស​ក្តី​ ​ស្រី​ក្តី​ ​អូស​ ​ឬ​រុញ​ទៅ​ ​ក៏​គួរ​។​
ថយ | ទំព័រទី ១៩៥ | បន្ទាប់