ឲ្យរីករាយ ដោយធម្មីកថា។ លំដាប់នោះ ពួកឧបាសក អ្នកនៅក្នុងដែនបាដលិគ្រាម លុះព្រះដ៏មានព្រះភាគ ទ្រង់ពន្យល់ឲ្យឃើញច្បាស់ ឲ្យកាន់យកតាម ឲ្យអាចហ៊ាន ឲ្យរីករាយ ដោយធម្មីកថា ទើបក្រាបបង្គំទូលព្រះដ៏មានព្រះភាគយ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន សូមព្រះដ៏មានព្រះភាគ ព្រមទាំងភិក្ខុសង្ឃទទួលយករោងសំណាក់របស់យើងខ្ញុំទាំងឡាយ។ ព្រះដ៏មានព្រះភាគ ទ្រង់ទទួលដោយភាវៈស្ងៀម។ លំដាប់នោះ ពួកឧបាសក អ្នកនៅក្នុងបាដលិគ្រាម បានដឹងថា ព្រះមានព្រះភាគទ្រង់ទទួលហើយ ក៏នាំគ្នាក្រោកចាកអាសនៈ ក្រាបថ្វាយបង្គំព្រះមានព្រះភាគ ធ្វើប្រទក្សិណ ហើយចូលទៅកាន់រោងសំណាក់ លុះចូលទៅដល់ហើយ ក៏បានក្រាលរោងសំណាក់ដោយគ្រឿងកម្រាលសព្វគ្រប់ហើយ ក៏តែងតាំងអាសនៈទាំងឡាយ និងដម្កល់ក្អមទឹក តែងតាំងប្រទីបប្រេង ហើយចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំព្រះមានព្រះភាគ ហើយឋិតនៅក្នុងទីសមគួរ។ ពួកឧបាសក អ្នកនៅក្នុងបាដលិគ្រាម បានឋិតនៅក្នុងទីសមគួរហើយ បានក្រាបបង្គំទូលព្រះមានព្រះភាគយ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន ឯរោងសំណាក់យើងខ្ញុំ បានក្រាលកម្រាលសព្វគ្រប់ហើយ អាសនៈទាំងឡាយ យើងខ្ញុំបានតែងតាំងស្រេចហើយ ក្អមទឹកយើងខ្ញុំ បានដម្កល់ទុកហើយ ប្រទីបប្រេង យើងខ្ញុំបានតែងតាំងស្រេចហើយ បពិត្រព្រះអង្គដ៏ចំរើន សូមព្រះមានព្រះភាគ សំគាល់កាលដ៏គួរ និងនិមន្តទៅក្នុងកាលឥឡូវនេះចុះ។ លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់ស្បង់ ហើយ