ពិន័យរបស់ពួកញាតិទេ។ គ្រានោះឯង ព្រះអានន្ទដ៏មានអាយុ មានសេចក្តីអាក់អន់ចិត្តថា រោជមល្លក្សត្រ មិនសមបើនឹងហ៊ាននិយាយយ៉ាងនេះសោះ។ វេលានោះ ព្រះអានន្ទដ៏មានអាយុ ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ថ្វាយបង្គំព្រះដ៏មានព្រះភាគ រួចអង្គុយក្នុងទីសមគួរ។ លុះព្រះអានន្ទដ៏មានអាយុ អង្គុយក្នុងទីសមគួរហើយ បានក្រាបបង្គំទូលព្រះដ៏មានព្រះភាគដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន រោជមល្លក្សត្រនេះ ជាអ្នកល្បីល្បាញ ជាមនុស្សមានគេស្គាល់ (ច្រើន) មានឫទ្ធិច្រើន ពួកមនុស្សដែលមានគេស្គាល់ច្រើន មានសភាពយ៉ាងនេះ រមែងមានសេចក្តីជ្រះថ្លាក្នុងធម្មវិន័យនេះ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គសូមឱកាស រោជមល្លក្សត្រ គប្បីជ្រះថ្លាក្នុងធម្មវិន័យនេះយ៉ាងណា សូមព្រះមានព្រះភាគ ទ្រង់ធ្វើយ៉ាងនោះ។ ព្រះដ៏មានព្រះភាគ មានព្រះបន្ទូលថា នែអានន្ទ រោជមល្លក្សត្រគប្បីជ្រះថ្លា ក្នុងធម្មវិន័យនេះ ដោយហេតុណា ហេតុនោះ តថាគតមិនលំបាកធ្វើទេ។ ទើបព្រះដ៏មានព្រះភាគ មានព្រះទ័យប្រកបដោយមេត្តា ផ្សាយទៅកាន់រោជមល្លក្សត្រ ហើយទ្រង់ក្រោកចាកអាសនៈ យាងចូលទៅកាន់វិហារ។ ឯរោជមល្លក្សត្រ កាលបើព្រះដ៏មានព្រះភាគ មានព្រះទ័យមេត្តា ផ្សាយមកប៉ះពាល់ហើយ ក៏ចូលទៅគ្រប់វិហារ គ្រប់បរិវេណ ដូចជាមេគោមានកូនខ្ចីដូច្នោះឯង ហើយក៏សួរពួកភិក្ខុថា