សម្មាសង្កប្បៈ ដោយអត្ថថាលើកចិត្តឡើង (កាន់អារម្មណ៍) រមែងណាយចាកមិច្ឆាសង្កប្បៈ សម្មាវាចា ដោយអត្ថថាកំណត់ រមែងណាយចាកមិច្ឆាវាចា សម្មាកម្មន្តៈ ដោយអត្ថថាខ្នះខ្នែង រមែងណាយចាកមិច្ឆាកម្មន្តៈ សម្មាអាជីវៈ ដោយអត្ថថាផូរផង់ រមែងណាយចាកមិច្ឆាអាជីវៈ សម្មាវាយាមៈ ដោយអត្ថថាផ្គងឡើង រមែងណាយចាកមិច្ឆាវាយាមៈ សម្មាសតិ ដោយអត្ថថាប្រុងប្រយ័ត្ន រមែងណាយចាកមិច្ឆាសតិ សម្មាសមាធិ ដោយអត្ថថាមិនរាយមាយ រមែងណាយចាកមិច្ឆាសមាធិ រមែងណាយចាកកិលេសទាំងឡាយ ដែលប្រព្រឹត្តទៅតាមមិច្ឆាសមាធិនោះផង ចាកខន្ធទាំងឡាយផង រមែងណាយចាកនិមិត្តទាំងពួងខាងក្រៅផង វិរាគៈ មានការណាយជាអារម្មណ៍ មានការណាយជាគោចរ ប្រកបក្នុងការណាយ ឋិតនៅក្នុងការណាយ តម្កល់ស៊ប់ក្នុងការណាយ។ ពាក្យថា វិរាគៈ បានដល់វិរាគៈ ២ យ៉ាង វិរាគៈ គឺនិព្វាន ១ វិរាគៈ គឺពួកធម៌ណាកើតហើយ ព្រោះមាននិព្វានជាអារម្មណ៍ ធម៌ទាំងអស់នោះ តែងមានសេចក្តីណាយ ១ វិរាគៈជាមគ្គ ព្រោះអង្គទាំង ៧ ដែលកើតជាមួយគ្នា រមែងដល់នូវការណាយ ផ្លូវប្រកបដោយអង្គ ៨ ឈ្មោះថាមគ្គ ព្រោះ ព្រះពុទ្ធទាំងឡាយ និងសាវ័កទាំងឡាយ តែងទៅកាន់ទិសដែលគេមិនធ្លាប់ទៅ គឺ ព្រះនិព្វាន ដោយសារមគ្គនុ៎ះ