នោះដដែល គ្មានប្លែកទេ ម្នាលភិក្ខុទាំងឡាយ មួយទៀត បុគ្គលពួកមួយក្នុងលោកនេះ មិនទាយដោយនិមិត្តទេ គ្រាន់តែឮសម្លេងមនុស្ស ឬអមនុស្ស ឬទេវតាហើយ ក៏ទាយថា មនោរបស់អ្នកយ៉ាងនេះខ្លះ មនោ របស់អ្នក មានប្រការដូច្នេះខ្លះ ចិត្តរបស់អ្នក ដូច្នេះខ្លះ បើទុកជាបុគ្គលនោះទាយឲ្យច្រើន ការទាយនោះ ក៏នៅតែយ៉ាងនោះដដែល គ្មានប្លែកទេ ម្នាលភិក្ខុទាំងឡាយ មួយទៀត បុគ្គលពួកមួយ ក្នុងលោកនេះ មិនទាយដោយនិមិត្តទេ ទាំងមិនបានឮសម្លេងមនុស្ស ឬអមនុស្ស ឬទេវតា ហើយទាយទេ តែបានឮសម្លេងនៃការត្រិះរិះ ឬការពិចារណា របស់បុគ្គលកំពុងត្រិះរិះ ឬកំពុងពិចារណាហើយក៏ទាយថា មនោរបស់អ្នកយ៉ាងនេះខ្លះ មនោរបស់អ្នកមានប្រការដូច្នេះខ្លះ ចិត្តរបស់អ្នកដូច្នេះខ្លះ ប្រសិនបើបុគ្គលនោះទាយឲ្យច្រើន ការទាយនោះ ក៏នៅតែយ៉ាងនោះដដែល គ្មានប្លែកទេ ម្នាលភិក្ខុទាំងឡាយ មួយវិញទៀត បុគ្គលពួកមួយ ក្នុងលោកនេះ មិនទាយដោយនិមិត្តទេ មិនឮសម្លេងមនុស្ស ឬអមនុស្ស ឬទេវតាហើយទាយទេ