ឈ្មោះថា អាទេសនាបាដិហារ្យ ព្រោះជនទាំងឡាយណា ប្រកបដោយអរហត្តមគ្គនោះ ពួកជនទាំងអស់នោះ ជាអ្នកមានចិត្តបរិសុទ្ធ មានតម្រិះមិនល្អក់ ឈ្មោះថាអនុសាសនីបាដិហារ្យ ព្រោះអរហត្តមគ្គនោះ បណ្ឌិតត្រូវសេពយ៉ាងនេះ ត្រូវចម្រើនយ៉ាងនេះ ត្រូវធ្វើឲ្យច្រើនយ៉ាងនេះ ត្រូវតម្កល់ទុកនូវសតិដ៏សមគួរដល់អរហត្តមគ្គនោះយ៉ាងនេះ ឈ្មោះថាឥទ្ធិ ព្រោះនេក្ខម្មៈសម្រេច ឈ្មោះថាបាដិហារ្យ ព្រោះកម្ចាត់បង់នូវកាមច្ឆន្ទៈ ឫទ្ធិ និងបាដិហារ្យ នេះ ហៅថា ឥទ្ធិប្បាដិហារ្យ ឈ្មោះថាឫទ្ធិ ព្រោះការមិនមានព្យាបាទសម្រេច ឈ្មោះថាបាដិហារ្យ ព្រោះកម្ចាត់បង់នូវព្យាបាទ ឫទ្ធិ និងបាដិហារ្យនេះ ហៅថា ឥទ្ធិប្បាដិហារ្យ ឈ្មោះថា ឫទ្ធិ ព្រោះអាលោកសញ្ញាសម្រេច ឈ្មោះថាបាដិហារ្យ ព្រោះកម្ចាត់បង់នូវថីនមិទ្ធៈ។បេ។ ឈ្មោះថាឫទ្ធិ ព្រោះអរហត្តមគ្គសម្រេច ឈ្មោះថាបាដិហារ្យ ព្រោះកម្ចាត់បង់នូវកិលេសទាំងពួង ឫទ្ធិ និងបាដិហារ្យ នេះហៅថា ឥទ្ធិប្បាដិហារ្យ។
ចប់ បាដិហារិយកថា។