យុគនទ្ធវគ្គ វិរាគកថា
[៥៩] វិរាគៈជាមគ្គ វិមុត្តិជាផល។ វិរាគៈជាមគ្គ តើដូចម្តេច។ ក្នុងខណៈនៃសោតាបត្តិមគ្គ សម្មាទិដ្ឋិ ដោយអត្ថថាឃើញ រមែងណាយចាកមិច្ឆាទិដ្ឋិ ណាយចាកកិលេសទាំងឡាយ ដែលប្រព្រឹត្តទៅតាមមិច្ឆាទិដ្ឋិនោះផង ចាកខន្ធទាំងឡាយ ផង ណាយចាកនិមិត្តទាំងពួងខាងក្រៅផង វិរាគៈ មានការណាយជាអារម្មណ៍ មានការណាយជាគោចរ ប្រកបក្នុងការណាយ ឋិតនៅក្នុងការណាយ តម្កល់ស៊ប់ក្នុងការណាយ។ ពាក្យថា វិរាគៈ បានដល់ វិរាគៈ ២ យ៉ាង វិរាគៈ គឺនិព្វាន ១ វិរាគៈ គឺពួកធម៌ណាកើតហើយ ព្រោះមាននិព្វានជាអារម្មណ៍ ធម៌ទាំងអស់នោះ តែងមានសេចក្តីណាយ ១ វិរាគៈជាមគ្គ ព្រោះអង្គទាំង ៧ ដែលកើតជាមួយគ្នា រមែងដល់នូវការណាយ ផ្លូវប្រកបដោយអង្គ ៨ ឈ្មោះថាមគ្គ ព្រោះព្រះពុទ្ធទាំងឡាយ និងសាវ័កទាំងឡាយ តែងទៅកាន់ទិសដែលគេមិនធ្លាប់ទៅ គឺនិព្វាន ដោយសារមគ្គនុ៎ះ មគ្គប្រកបដោយអង្គ ៨ ដ៏ប្រសើរនេះឯង ជាមគ្គដ៏ខ្ពង់ខ្ពស់ ប្រសើរ វិសេសវិសាល ឧត្តម ថ្លៃថ្លា ជាងមគ្គរបស់ពួកសមណព្រាហ្មណ៍ច្រើននាក់ ដែលប្រកាន់លទ្ធិដទៃ ទាំងអម្បាលម៉ាន ហេតុនោះ មគ្គប្រកបអង្គ ៨ ប្រសើរជាងមគ្គទាំងឡាយ។