យុគ​នទ្ធ​វគ្គ មេត្តា​កថា
សាវត្ថី​និទាន


 [៤៥] ម្នាល​ភិក្ខុ​ទាំងឡាយ មេត្តា​ចេ​តោ​វិមុត្តិ ដែល​បុគ្គល​បាន​សេព អប់រំ ធ្វើឲ្យ​ច្រើន ធ្វើឲ្យ​ដូចជា​យាន ធ្វើឲ្យ​ដូចជា​ទីតាំង តម្កល់​មាំ សន្សំ​ដោយ​ម៉ត់ចត់ ប្រារព្ធ​ល្អ​ហើយ នឹង​មាន​អានិសង្ស ១១ ជា​ប្រាកដ អានិសង្ស​ទាំង ១១ តើ​ដូចម្តេច​ខ្លះ គឺ មេត្តាវិហារិ​បុគ្គល រមែង​ដេកលក់​ស្រួល ១ ភ្ញាក់​ឡើង​ស្រួល ១ មិន​យល់សប្ត​អាក្រក់ ១ ជាទីស្រឡាញ់​នៃ​មនុស្ស​ទាំងឡាយ ១ ជាទីស្រឡាញ់​នៃ​អមនុស្ស​ទាំងឡាយ ១ ពួក ទេវតា​តែង​រក្សា ១ ភ្លើង​ក្តី ថ្នាំពិស​ក្តី សស្រ្តាវុធ​ក្តី រមែង​មិន​ប៉ះពាល់ ១ បុគ្គល​នោះ តម្កល់ចិត្ត​នៅនឹង​ដ៏​ឆាប់រហ័ស ១ មាន​សម្បុរ​មុខ​ស្រស់បស់ ១ មិន​វង្វេង​ធ្វើ​មរណកាល ១ កាលបើ​មិនទាន់​បាន​ត្រាស់​ដឹង​នូវ​មគ្គផល​ទេ គង់​បាន​ទៅ​កើត​ឯព្រហ្មលោក ១ ម្នាល​ភិក្ខុ​ទាំងឡាយ មេត្តា​ចេ​តោ​វិមុត្តិ ដែល​បុគ្គល​បាន​សេព អប់រំ ធ្វើឲ្យ​ច្រើន ធ្វើឲ្យ​ដូចជា​យាន ធ្វើឲ្យ​ដូចជា​ទីតាំង តម្កល់​មាំ សន្សំ​ដោយ​ម៉ត់ចត់ ប្រារព្ធ​ល្អ​ហើយ តែង​មាន​អានិសង្ស ១១ នេះឯង​ជា​ប្រាកដ។
ថយ | ទំព័រទី ៩៦ | បន្ទាប់