ក្នុងកប្បទី ៥៨ បុគ្គលនោះ នឹងបានជាស្តេចចក្រពត្តិព្រះនាមតារណៈ (ជាឥស្សរៈលើផែនដី) មានសមុទ្រទាំង ៤ ជាទីបំផុត ទ្រង់ឈ្នះសង្រ្គាម។ ក្នុងកប្បទី ៥៧ នឹងបានជាស្តេច ព្រះនាមចម្ពកៈ មានកម្លាំងច្រើន រុងរឿងដូចព្រះអាទិត្យកំពុងរះ។ ក្នុងកប្បទីមួយសែន ព្រះសាស្តា ព្រះនាមគោតម កើតក្នុងឱក្កាកត្រកូល នឹងត្រាស់ដឹងក្នុងលោក។ ស្តេចចម្ពកៈ (នោះ) ច្យុតចាកទេវលោក មកកាន់អត្តភាពជាមនុស្ស នឹងកើតជាព្រាហ្មណ៍ឈ្មោះរេវតៈ។ រេវតកុមារនោះ ត្រូវកុសលមូលដាស់តឿន នឹងចេញចាកផ្ទះទៅបួសក្នុងសាសនានៃព្រះមានព្រះភាគ ព្រះនាមគោតម។ រេវតភិក្ខុនោះ លុះបួសរួចហើយ ក្នុងកាលជាខាងក្រោយ ប្រកបសេចក្តីព្យាយាម ខំចម្រើនវិបស្សនា កំណត់ដឹងអាសវៈទាំងពួង ជាអ្នកមិនមានអាសវៈ នឹងបរិនិព្វាន។