ដោយចិត្ត​ជ្រះថ្លា​នោះ ខ្ញុំ​បាន​ចូល​ទៅ​ក្នុង​វិមាន ដែល​មាន​ស្រី​អប្សរ ៨៦ ពាន់ កើតឡើង​សម្រាប់​ខ្ញុំ។ ពួក​ស្រី​អប្សរ​នោះ ប្រព្រឹត្ត​តម្រូវចិត្ត​ខ្ញុំ ដោយ​កាម​ទាំង​ពួង​សព្វៗ កាល ខ្ញុំ​គ្រប​សង្កត់​នូវ​ពួក​ទេវតា​ដទៃ នេះ​ជា​ផល​នៃ​បុញ្ញកម្ម។ ក្នុង​កប្ប​ទី ២៥ កាលនោះ ខ្ញុំ​បាន​ជា​ស្តេច​ចក្រពត្តិ ឈ្មោះ​វរុណៈ មាន​ភោជន​ដ៏​បរិសុទ្ធ។ មនុស្ស​ទាំងឡាយ​នោះ មិនបាច់​សាបព្រោះ​ពូជ មិនបាច់​ភ្ជួរ​ដោយ​នង្គ័ល តែង​បរិភោគ​ស្រូវសាលី ដែល​ដុះ​ក្នុង​ទី​មិនបាច់​ភ្ជួរ។ ខ្ញុំ​សោយរាជ្យ​ក្នុង​អត្តភាព​ជា​មនុស្ស​នោះ​ហើយ ក៏បាន​ទៅកាន់​អត្តភាព​ជា​ទេវតា​ម្តង​ទៀត ការ​បរិបូណ៌​ដោយ​ភោគៈ​បែបនេះ ក៏​កើតឡើង​សម្រាប់​ខ្ញុំ​ក្នុង​កាលនោះ។ សត្វ​ទាំងអស់ ទោះបីជា​មិត្ត​ក្តី មិនមែន​ជា​មិត្ត​ក្តី មិនដែល​បៀតបៀន​ខ្ញុំ ខ្ញុំ​រមែង​ជាទីស្រឡាញ់​នៃ​សត្វ​ទាំងពួង នេះ​ជា​ផល​នៃ​បុញ្ញកម្ម។ ក្នុង​កប្ប​ទី ៣០ ពាន់ ព្រោះ​ហេតុ​ដែល​ខ្ញុំ​បាន​ឲ្យ​ទាន​ក្នុង​កាលនោះ ខ្ញុំ​មិនដែល​ស្គាល់​ទុគ្គតិ​ឡើយ នេះ​ជា​ផល​នៃ​គ្រឿងក្រអូប និង​គ្រឿង​លាប។
ថយ | ទំព័រទី ១៣៥ | បន្ទាប់