កាលនោះ ព្រះពុទ្ធមានពន្លឺដូចជាសម្បុរនៃផ្លែទន្លាប់ នឹងប្រមាណមិនបាន មិនមានគ្រឿងប្រៀប មិនមានរូបដទៃប្រាកដស្មើដោយព្រះរូប (របស់ព្រះអង្គ) ទ្រង់ចង្រ្កមឰដ៏អាកាស។ កាលនោះ ព្រះពុទ្ធមិនមានអ្វីប្រាកដស្មើដោយញាណ ទ្រង់ចង្រ្កមឰដ៏អាកាស ដូចជាសាលព្រឹក្ស ដែលមានផ្ការីកល្អ ពុំនោះសោត ដូចផ្លេកបន្ទោរ ក្នុងចន្លោះនៃដុំពពក។ កាលនោះ ព្រះពុទ្ធទ្រង់ចង្រ្កមឰដ៏អាកាស ដូចជាស្តេចសីហៈមិនមានសេចក្តីព្រឺព្រួច ឬដូចស្តេចដំរី ដែលគេហាត់បានហើយ ពុំនោះសោត ដូចស្តេចខ្លា ដែលមិនមានសេចក្តីខ្លាច។ គ្រានោះ ព្រះសម្ពុទ្ធមានរស្មីដូចមាសឆ្តោរឈ្មោះសិង្គិ ឬដូចរងើកភ្លើងឧសគគីរ ពុំនោះសោត ដូចកែវមណីមានរស្មីដ៏រុងរឿង ទ្រង់ចង្រ្កមឰដ៏អាកាស។ គ្រានោះ ព្រះសម្ពុទ្ធដូចភ្នំកៃលាសដ៏បរិសុទ្ធ ឬដូចព្រះចន្រ្ទក្នុងថ្ងៃពេញបូណ៌មី ពុំនោះសោត ដូចព្រះអាទិត្យតាំងនៅក្នុងទីពាក់កណ្តាល (ថ្ងៃត្រង់) ទ្រង់ចង្រ្កមឰដ៏អាកាស។ គ្រានោះ ខ្ញុំឃើញព្រះសម្ពុទ្ធ ដែលកំពុងចង្រ្កមឰដ៏អាកាស ក៏គិតយ៉ាងនេះថា សត្វនេះជាទេវតាឬ ឬថាសត្វនេះជាមនុស្ស។