ពួកគន្ធព្វទាំងនោះ បានធ្វើថ្នាក់ ៧ ជាន់ ដរាបតាំងពីទ្រនាប់ខ្សាច់ឡើងទៅ បានធ្វើព្រះស្តូបសុទ្ធតែជាវិការៈនៃមាសទាំងអស់ ក្នុងកាលនោះ។ ព្រះស្តូបទៅជាមានកំពស់ ៧ យោជន៍តែងរុងរឿង ក្នុងកាលនោះ គេឥតដឹងថាយប់ថ្ងៃ ព្រោះពន្លឺមាននៅសព្វៗ កាល។ ព្រះចន្រ្ទ ព្រះអាទិត្យព្រមទាំងពួកផ្កាយ គ្របសង្កត់ពន្លឺព្រះស្តូបនោះមិនបាន ឯប្រទីបរុងរឿងតែក្នុងទីចម្ងាយ ១០០ យោជន៍ជុំវិញ។ ក្នុងកាលនោះ មនុស្សទាំងឡាយណាមួយ បូជាព្រះស្តូប មនុស្សទាំងនោះមិនឡើងកាន់ព្រះស្តូប មនុស្សទាំងនោះ តែងបោះទៅឰដ៏អាកាស។ មានយក្ខមួយ ឈ្មោះអភិសម្មតៈ ដែលពួកទេវតាតាំងទុកហើយ ចាំទទួលទង់ ឬកម្រងផ្កាឰដ៏ខាងលើ។ មនុស្សទាំងនោះ មិនឃើញយក្ខនោះទេ ឃើញតែកម្រងនៃផ្កាអណ្តែតទៅ លុះឃើញកម្រងផ្កាទាំងនោះហើយ ក៏ដើរទៅ ពួកមនុស្សទាំងអស់នោះឯង តែងទៅកាន់សុគតិ។ ពួកមនុស្ស ទាំងអ្នកខុសក្នុងសាសនា ទាំងអ្នកជ្រះថ្លាក្នុងសាសនា ដែលចង់ឃើញបាដិហារ តែងបូជាព្រះស្តូប។