គប្បីប្រព្រឹត្តតែម្នាក់ឯង ដូចព្រះរាជាទ្រង់លះបង់នូវដែន ដែលទ្រង់ឈ្នះហើយ ឬដូចដំរីឈ្មោះមាតង្គៈ (លះបង់នូវហ្វូង កាលត្រាច់ទៅ) ក្នុងព្រៃ។ តាមពិតយើងសរសើរនូវការបរិបូណ៌ ដោយសម្លាញ់ហើយ តែបុគ្គលគួរគប់រកសម្លាញ់ដែលមានគុណប្រសើរជាងខ្លួន ឬសម្លាញ់មានគុណស្មើនឹងខ្លួន បើរកមិនបានពួកសម្លាញ់ទាំងនុ៎ះទេ គប្បីជាអ្នកបរិភោគនូវចតុប្បច្ច័យដែលមិនមានទោស ហើយប្រព្រឹត្តតែម្នាក់ឯង ដូចកុយរមាស។ បុគ្គលឃើញនូវកងមាសទាំងពីរ ដែលកូនជាងមាសធ្វើសម្រេចល្អហើយ រណ្តំគ្នាត្រង់កដៃ គប្បីប្រព្រឹត្តតែម្នាក់ឯង ដូចកុយរមាស។ ឯការឆ្លើយឆ្លងដោយវាចាក្តី ការជាប់ចំពាក់ក្តី ជាមួយនឹងបុគ្គលគម្រប់ពីរ របស់អញ ដូចកងមាសមួយគូមានយ៉ាងនុ៎ះ បុគ្គលកាលរំពឹងឃើញ នូវភ័យនុ៎ះក្នុងកាលខាងមុខ គប្បីប្រព្រឹត្តតែម្នាក់ឯង ដូចកុយរមាស។