គឺ​គេ​តែង​បូជា​ខ្ញុំ​ក្នុង​ទិស​ទាំងឡាយ ១ ខ្ញុំ​ជា​អ្នកមាន​ប្រាជ្ញា​មោះមុត ១ ពួក​ទេវតា​ទាំងអស់​រមែង​ប្រព្រឹត្តទៅ (តាមខ្ញុំ) ១ ខ្ញុំ​តែង​បាន​នូវ​ភោគៈ​មាន​ចំនួន​រាប់​មិនបាន ១។ ខ្ញុំ​មាន​សម្បុរ​ដូច​មាស​ក្នុង​ទី​ទាំងពួង ១ មាន​បញ្ញា​វាងវៃ ១ មិន​កម្រើក​ចាក​មិត្រ​ទាំងឡាយ ១ យស​របស់ខ្ញុំ​ខ្ពង់ខ្ពស់ ១។ ខ្ញុំ​បាន​ជាធំ​ជាង​ទេវតា សោយ​ទេវ​រាជ្យ មាន​ពួក​ស្រី​អប្សរ​ចោមរោម សោយ​សេចក្តី​សុខ​ដ៏​ជា​ទិព្វ អស់ ៨០ ដង។ បាន​ជា​ស្តេច​ចក្រពត្តិ អស់ ៧៥ ដង សោយ​ប្រទេស​រាជ្យ​ដ៏​ធំ​ទូលាយ រាប់​បាន​មួយ​អសង្ខេយ្យ​ជាតិ។ លុះដល់​បច្ឆិមភព ខ្ញុំ​ប្រកបដោយ​បុញ្ញកម្ម កើត​ក្នុង​ត្រកូល​មហាសាល​ដ៏​ស្តុកស្តម្ភ​ក្នុង​ក្រុង​សាវត្ថី។ ខ្ញុំ​បរិបូរ​ដោយ​ល្បែង មាន​ពួក​ទារក​ចោមរោម ចេញ​ចាកទី​ក្រុង​ហើយ ចូល​ទៅកាន់​អារាម​របស់​សង្ឃ ក្នុង​វេលា​ល្ងាច។ ក្នុង​អារាម​នោះ ខ្ញុំ​ឃើញ​សមណៈ លោក​ផុត​ស្រឡះ​ចាក​កិលេស មិន​មាន​ឧបធិ លោក​បាន​សម្តែង​ធម៌​ដល់​ខ្ញុំ ទាំង​បាន​ឲ្យ​សរណគមន៍​ដល់​ខ្ញុំ។
ថយ | ទំព័រទី ១៧០ | បន្ទាប់