បុ​ឡិន​បូ​ជកត្ថេ​រាប​ទាន ទី៧


 [២៩] ខ្ញុំ​កើប​ខ្សាច់​ចាស់​ចោល ហើយ​រោយរាយ​នូវ​ខ្សាច់​ថ្មី​ដ៏​ស្អាត ត្រង់​ខឿន​នៃ​ពោធិព្រឹក្ស​របស់​ព្រះមានព្រះភាគ​ព្រះនាម​វិបស្សី។ ក្នុង​កប្ប​ទី ៩១ អំពី​កប្ប​នេះ ព្រោះ​ហេតុ​ដែល​ខ្ញុំ​បាន​ថ្វាយ​ខ្សាច់ ក្នុង​កាលនោះ ខ្ញុំ​មិនដែល​ស្គាល់​ទុគ្គតិ នេះ​ជា​ផល​នៃ​ការ​ថ្វាយ​ខ្សាច់។ ក្នុង​កប្ប​ទី ៥៣ អំពី​កប្ប​នេះ ខ្ញុំ​បាន​ជា​ស្តេច​ចក្រពត្តិ ជាធំ​ជាង​ជន មាន​កម្លាំង​ច្រើន ព្រះនាម​មហា​បុ​ឡិនៈ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​ក៏បាន​ប្រតិបត្តិ​ហើយ។
 បានឮ​ថា ព្រះ​បុ​ឡិន​បូ​ជកត្ថេ​រមាន​អាយុ បាន​សម្តែង​នូវ​គាថា​ទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ បុ​ឡិន​បូ​ជកត្ថេ​រាប​ទាន។

ថយ | ទំព័រទី ១៧៩ | បន្ទាប់