បុរស​នោះ បាន​ថ្វាយ​ផ្កាឈូក​ណា ដល់​តថាគត ផ្កាឈូក​នេះ ដ៏​ឧត្តម ជាទី​ប្រាថ្នា ជាទី​ត្រេកអរ (របស់​ជន) ក្នុង​លោក អំពើ​ដែលគេ​ធ្វើ​បាន​ដោយ​កម្រ បុរស​នោះ ក៏បាន​ធ្វើ​ហើយ។ បុរស​ណា បាន​បូជា​ផ្កា ទាំង​ថ្វាយ​ចង្ហាន់​ដ៏​ប្រសើរ​ដល់​តថាគត តថាគត​នឹង​សម្តែង​សរសើរ​បុរស​នោះ អ្នក​ទាំងឡាយ ចូរ​ស្តាប់​តថាគត​សម្តែង​ចុះ។ បុរស​នោះ​នឹង​បាន​សោយ​ទេវ​រាជ្យ អស់ ១៨ ដង ឯផ្កា​ឧប្បល ផ្កាឈូក ផ្កាម្លិះ និង​ផ្កាដ​ទៃ​ក្រៅពីនោះ ដែល​ប្រកបដោយ​ក្លិន​ដ៏​ជា​ទិព្វ នឹង​អណ្តែត ធ្វើឲ្យ​ជា​គ្រឿង​ប្រក់​ឰដ៏​អាកាស​ក្នុងខណៈនោះ ដោយ​ផល​នៃ​បុណ្យ​របស់​បុរស​នោះ។ បុរស​នោះ នឹង​បាន​ជា​ស្តេច​ចក្រពត្តិ​អស់ ២៥ ដង នឹង​បាន​សោយរាជ្យ​លើ​ផែនដី គ្រប់គ្រង​ផែនដី​អស់ ៥០០ ដង។ កន្លងទៅ​មួយ​សែន​កប្ប នឹង​មាន​ព្រះ​សាស្តា ព្រះនាម​គោតម ទ្រង់​កើត​ក្នុង​ឱក្កា​កត្រកូល ត្រាស់​ដឹង​ក្នុង​លោក។
ថយ | ទំព័រទី ១៩៤ | បន្ទាប់