ពួក​សត្វ​មាន​រូប​ក្តី ឥត​រូប​ក្តី ឥត​សញ្ញា​ក្តី ទាំងប៉ុន្មាន ពួក​សត្វ​ទាំងអស់​នោះ តែង​ប្រជុំ​ចុះ​ខាងក្នុង​ញាណ​របស់​ព្រះអង្គ។ បុគ្គល​ណា បិទបាំង​ទឹក​ដោយ​សំណាញ់ មាន​ក្រឡា​ញឹក ពួក​សត្វ​ណាមួយ​នៅក្នុង​ទឹក ពួក​សត្វ​ទាំងនោះ រមែង​មាននៅ​ខាងក្នុង​សំណាញ់ (របស់​បុគ្គល​នោះ​ដូចម្តេច​មិញ)។ សត្វ​ទាំងឡាយ​ណា ដែល​មាន​ចេតនា ទោះបី​មាន​រូប​ក្តី ឥត​រូប​ក្តី ពួក​សត្វ​ទាំងអស់​នោះ រមែង​ប្រជុំ​ចុះ​ខាងក្នុង​ញាណ​របស់​ព្រះអង្គ (ដូច្នោះ​ដែរ)។ ព្រះអង្គ​ស្រោចស្រង់​សត្វលោក​នេះ ដែល​ច្រឡូកច្រឡំ​ដោយងងឹត សត្វ​ទាំងនោះ​ស្តាប់​នូវ​ធម៌​របស់​ព្រះអង្គ​ហើយ ឆ្លង​នូវ​ខ្សែទឹក​គឺ​សេចក្តី​សង្ស័យ​បាន។ សត្វលោក​មាន​អវិជ្ជា​រួបរឹត មាន​ងងឹត​គ្រប​សង្កត់​ហើយ នឹង​កម្ចាត់​ងងឹត​ទាំងឡាយ ព្រោះ​ញាណ​របស់​ព្រះអង្គ​ដែល​ទ្រោល​ឡើង។ ព្រះអង្គ​មាន​ចក្ខុ បន្ទោបង់​នូវ​ងងឹត​ធំ​របស់​សត្វ​ទាំងពួង ជន​ជាច្រើន លុះ​ស្តាប់ធម៌​របស់​ព្រះអង្គ​ហើយ នឹង​បានសម្រេច​ព្រះនិព្វាន។
ថយ | ទំព័រទី ១៩៧ | បន្ទាប់