អា​យា​តទាយ​កត្ថេ​រាប​ទាន ទី៨


 [៤០] កាល​ព្រះ​លោកនាថ ព្រះនាម​សិខី ព្រះអង្គ​ប្រសើរ​ជាង​ពួក​អ្នកប្រាជ្ញ បរិនិព្វាន​ហើយ ខ្ញុំ​រីករាយ បាន​ថ្វាយបង្គំ​ព្រះ​ស្តូប​ដ៏​ប្រសើរ​ដោយចិត្ត​រីករាយ។ កាលនោះ ខ្ញុំ​បាន​ឲ្យ​ជាងឈើ​និយាយកាត់​ថ្លៃ ហើយ​ឲ្យថ្លៃ ខ្ញុំ​រីករាយ​ឲ្យ​ជាងឈើ​ធ្វើ​រោង​សំណាក់ ដោយចិត្ត​រីករាយ។ ខ្ញុំ​នៅ​ជាប់​មិន​ដាច់​ក្នុង​ទេវលោក អស់ ៨ កប្ប ខ្ញុំ​អន្ទោល​ទៅ​រាត់រាយ​ក្នុង​កប្ប​ដ៏​សេស។ ពិស​មិន​ជ្រាប​ទៅ​ក្នុង​កាយ ទាំង​គ្រឿង​សស្ត្រា​ក៏​មិន​មុត​ខ្ញុំ ខ្ញុំ​មិន​ស្លាប់​ក្នុងទឹក នេះ​ជា​ផល​នៃ​រោង​សំណាក់។ បើ​ខ្ញុំ​ប្រាថ្នា​ទឹកភ្លៀង មហាមេឃ​ក៏​បង្អុរ​ភ្លៀង​មក ទាំង​ពួក​ទេវតា តែង​លុះអំណាច​របស់ខ្ញុំ នេះ​ជា​ផល​នៃ​បុញ្ញកម្ម។ ខ្ញុំ​បរិបូណ៌​ដោយ​កែវ ៧ ប្រការ អស់ ៣០ ដង ពួក​ជន​ណាមួយ​មិន​មើលងាយ​ខ្ញុំ​ឡើយ នេះ​ជា​ផល​នៃ​បុញ្ញកម្ម។
ថយ | ទំព័រទី ២០២ | បន្ទាប់