ព្រះ​សាស្តា​ព្រះ​នាម​បទុមុ​ត្ត​រៈ ទ្រង់​ជ្រាប​នូវ​បំណង​របស់ខ្ញុំ ស្តេច​ឋិតនៅ​ក្នុង​ភិក្ខុសង្ឃ ហើយ​សម្តែង​នូវ​គាថា​ទាំងនេះ​ថា
 កុលបុត្ត​ណា ថ្វាយ​អញ្ជលី​នេះ​ផង សរសើរ​ព្រះពុទ្ធ​ដ៏​ប្រសើរ​ផង កុលបុត្ត​នោះ នឹង​សោយ​ទេវ​រជ្ជ​សម្បត្តិ​អស់ ៣០ ពាន់​កប្ប។ កន្លងទៅ​មួយ​សែន​កប្ប ព្រះសម្ពុទ្ធ​ជា​អង្គីរស មាន​គ្រឿង​ប្រក់​គឺ​កិលេស​បើក​ហើយ នឹង​បាន​ត្រាស់​ដឹង (ក្នុង​លោក)។ កុលបុត្ត​នោះ​បាន​មក​កើតជា​បុរស មាន​នាម​ថាស​តរំសី នឹងជា​ធម្ម​ទាយាទ ជា​ធម្ម​និម្មិត ជា​ឱរស​របស់​ព្រះសម្ពុទ្ធ​នោះ នឹង​បាន​ជា​ព្រះអរហន្ត។
 ខ្ញុំ​មាន​អាយុ ៧ ឆ្នាំ រាប់​អំពី​កំណើត​មក បាន​បួស​ក្នុង​ព្រះពុទ្ធ​សាសនា មាន​នាម​ថាស​តរំសី រស្មី​របស់ខ្ញុំ​តែង​ផ្សាយ​ចេញ។ ខ្ញុំ​ត្រេកអរ​នឹង​ឈាន ចម្រើនឈាន ក្នុង​មណ្ឌល ឬជិត​គល់ឈើ ខ្ញុំ​ទ្រទ្រង់នូវ​រាងកាយ​ជាទីបំផុត​ក្នុង​សាសនា​របស់​ព្រះសម្មាសម្ពុទ្ធ។ ខ្ញុំ​បាន​ជា​ក្សត្រ​ចក្រពត្តិ ៤ ដង ព្រះនាម​រោមៈ​ដូចគ្នា បរិបូណ៌​ដោយ​កែវ ៧ ប្រការ ទ្រង់​មាន​កម្លាំង​ច្រើន អស់ ៦០.០០០ កប្ប។
ថយ | ទំព័រទី ២៣៧ | បន្ទាប់